អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺចម្ងល់សាធារណជន «តើមានបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល តើត្រូវដោះស្រាយដូចម្តេច?»

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយស្រាយចម្ងល់នានារបស់សាធារជន តើមានបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល តើត្រូវដោះស្រាយដូចម្តេច?

ការស្រាយចម្ងល់នេះ បន្ទាប់ពីមួយរយៈកន្លងមកនេះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានលើកសំណូមពរ មកកាន់អគ្គនាយកដ្ឋាន ក៏ដូចជាលើកជាសំណូមពរទៅកាន់ថ្នាក់ដឹកនាំ តាមបណ្តាញទំនាក់ទំនងសង្គមនានា ពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យសំបុត្រកំណើត ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

ឆ្លើយតបនឹងសំណូមពរខាងលើ អគ្គនាយកដ្ឋានសូមយកឱកាសនេះជម្រាបជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឈ្វេងយល់បន្ថែមអំពីដើមចមនៃបញ្ហាកំហុសទិន្នន័យ នីតិវិធីក្នុងការកែតម្រូវទិន្នន័យ និងដំណោះស្រាយចំពោះមុខ ក៏ដូចជាសម្រាប់ថ្ងៃអនាគត ដូចខាងក្រោម៖

ក. ដើមចមនៃបញ្ហាកំហុសទិន្នន័យ

គួររម្លឹកឡើងវិញថា នៅក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅខែមករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាបានចាប់ផ្ដើមកសាងឡើងវិញពីចំណុចសូន្យដោយបាតដៃទទេ។ ឯកសារសម្គាល់អត្តសញ្ញាណរបស់ប្រជាពលរដ្ឋ និងលិខិតស្នាមផ្សេងៗ ត្រូវបានខូចខាត ឬបាត់បង់ស្ទើរគ្មានសល់។ ក្នុងស្ថានភាពដែលប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណបុគ្គលត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ការរៀបចំឯកសារអត្តសញ្ញាណពលរដ្ឋឡើងវិញជាទូទៅផ្អែកលើការចងចាំ ឬលើការស្មានរបស់បុគ្គលម្នាក់ៗ ដោយពុំមានឯកសារសម្អាងជាក់លាក់ឡើយ។

ដើម្បីដោះស្រាយបញ្ហាខាងលើ រាជរដ្ឋាភិបាលបានបើកយុទ្ធនាការចុះបញ្ជីកំណើតទូទាំងប្រទេសនៅឆ្នាំ២០០២ តាមទម្រង់គំរូឯកភាពថ្នាក់ជាតិ។ ដើម្បីជំរុញការងារនេះ ក្រសួងមហាផ្ទៃក៏បានធ្វើយុទ្ធនាការចល័តផ្តល់សំបុត្រកំណើតជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ពីខែតុលា ឆ្នាំ២០០៤ ដល់ខែធ្នូ ឆ្នាំ២០០៦។ ជាលទ្ធផល នៃយុទ្ធនាការ ប្រជាពលរដ្ឋភាគច្រើនមានសំបុត្រកំណើតប្រើប្រាស់ឡើងវិញ។ ប៉ុន្តែទោះជាយ៉ាងណាយុទ្ធនាការនេះបានបន្សល់នូវបញ្ហាបច្ចេកទេសមួយចំនួន គឺកំហុសទិន្នន័យក្នុងសំបុត្រកំណើតមានចំនួនច្រើន (ដូចជាខុសអក្ខរាវិរុទ្ធ ខុសឈ្មោះ ខុសភេទ ខុសថ្ងៃខែឆ្នាំកំណើតជាដើម) ដែលត្រូវបន្តដោះស្រាយមកទល់បច្ចុប្បន្ន។

បន្ទាប់មក នៅក្រោយពេលបញ្ចប់យុទ្ធនាការរហូតមកទល់បច្ចុប្បន្ន ការចុះសំបុត្រកំណើតនៅតែជួបកំហុសទិន្នន័យជារឿយៗ ដោយសារការងារនេះនៅបន្តអនុវត្តដោយដៃ និងករណីមួយចំនួនបានផ្អែកលើព័ត៌មានផ្ទាល់មាត់ ឬការចងចាំរបស់ប្រជាពលរដ្ឋ ដោយពុំមានឯកសារសម្អាងឡើយ ដែលងាយនឹងមានកំហុស។

និយាយរួម ការងារអនុវត្តដោយដៃ ឬសរសេរដោយដៃ មិនថាជាឯកសារអត្រានុកូលដ្ឋាន ឬជាលិខិតរដ្ឋបាល ឬជាលិខិតស្នាមផ្សេងទៀត ងាយនឹងមានកំហុសឆ្គងណាស់ លុះត្រាតែមានការជួយពិនិត្យ និងផ្ទៀងផ្ទាត់បន្ថែម។ ដូច្នេះ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការពិនិត្យមើលភាពត្រឹមត្រូវនៃទិន្នន័យរបស់ខ្លួន (មុននឹងយកមកប្រើប្រាស់) គឺមានសារសំខាន់ណាស់ ក្នុងការកាត់បន្ថយកំហុសទិន្នន័យ។ បើប្រជាពលរដ្ឋពិនិត្យឃើញថាមានខុសកន្លែងណាសុំឱ្យកែតម្រូវកន្លែងនោះភ្លាម នោះជាការងាយស្រួល និងពុំមាននីតិវិធីស្មុគស្មាញឡើយ។ សូមបងប្អូនប្រជាពលរដ្ឋជ្រាបថា មន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ឬស្មៀនឃុំ សង្កាត់ ក៏គាត់មើលពុំអស់ដែរ។

ខ. តើបញ្ហាខុសទិន្នន័យ ជាកំហុសរបស់អ្នកណា?

លើទិដ្ឋភាពជាក់ស្ដែង កំហុសទិន្នន័យនៃឯកសារអត្រានុកូលដ្ឋានរបស់ប្រជាពលរដ្ឋមានលក្ខណៈចម្រុះ និងស្មុគស្មាញ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានរកឃើញដូចខាងក្រោម៖

១. កំហុសមួយចំនួនបានកើតឡើងដោយអចេតនា មានន័យថាបានពិនិត្យ ឬផ្ទៀងផ្ទាត់ដែរ ប៉ុន្តែមិនបានកត់សម្គាល់អំពីកំហុស
២. កំហុសមួយចំនួនបានកើតឡើងដោយការធ្វេសប្រហែសរបស់មន្ត្រីជំនាញ មិនបានយកចិត្តទុកដាក់ និង
៣. កំហុសមួយចំនួនទៀតបានកើតឡើងដោយសារប្រជាពលរដ្ឋ (មួយចំនួន) បានផ្តល់ទិន្នន័យមិនត្រឹមត្រូវ ឬទិន្នន័យស្មានៗ ឬកទិន្នន័យដោយចេតនា ដើម្បីប្រើប្រាស់ក្នុងគោលបំណងផ្សេងៗ។

លើទិដ្ឋភាពជាក់ស្តែង មានករណីប្រជាពលរដ្ឋមួយចំនួនបានព្យាយាមកែដំឡើងអាយុដើម្បីស្នើសុំចូលធ្វើការ ឬបន្ថយអាយុមិនទាន់ចង់ចូលនិវត្តន៍ ឬកទិន្នន័យផ្សេងទៀតដើម្បីស្នើសុំទិដ្ឋាការ (វីសា) ទៅក្រៅប្រទេស ដែលខុសនឹងការកំណត់របស់ច្បាប់។ មានករណីមួយចំនួនទៀត ប្រជាពលរដ្ឋខ្ចីសំបុត្រកំណើតគ្នាប្រើ ដោយមនុស្សពីរនាក់ ឬច្រើននាក់ប្រើសំបុត្រកំណើតតែមួយ។

គ. ហេតុអ្វីមិនកែតម្រូវជូនពលរដ្ឋតាមការស្នើសុំ ដោយពុំចាំបាច់ទៅតុលាការ ឬស្រាវជ្រាវស៊ើបបញ្ជាក់ធ្វើអ្វី?

ក្នុងបរិបទនៃការគ្រប់គ្រងប្រជាជនលើសកលលោក មនុស្សម្នាក់តម្រូវឱ្យមានអត្តសញ្ញាណតែមួយប៉ុណ្ណោះ។ ប្រទេសកម្ពុជាបានកំណត់គោលដៅនេះ (មនុស្សម្នាក់មានអត្តសញ្ញាណតែមួយ) នៅក្នុងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦ ដែលអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានៅខែមិថុនា ឆ្នាំ២០១៦។ ការកំណត់បែបនេះមានមូលហេតុដូចខាងក្រោម៖

១. ការពារនូវសិទ្ធិរបស់ពលរដ្ឋ ដូចជាកម្មសិទ្ធិលើអចលនទ្រព្យ សិទ្ធិធ្វើដំណើរ សិទ្ធិបោះឆ្នោតសិទ្ធិទទួលកេរមរតក សិទ្ធិក្នុងការបើកគណនីធនាគារ។ល។ ឧទាហរណ៍ ដីឡូតិ៍មួយកន្លែងជាកម្មសិទ្ធិរបស់បុគ្គលម្នាក់ ដែលមិនអាចជាន់អត្តសញ្ញាណជាមួយបុគ្គលណាផ្សេងឡើយ។

២. ធានាប្រសិទ្ធភាពលើការផ្តល់សេវាសាធារណៈ ដូចជាសេវាគាំពារសង្គម របបឧបត្ថម្ភផ្សេងៗប្រាក់សោធននិវត្តន៍ សេវាសុខភាព សេវាអប់រំ។ល។ ឧទាហរណ៍ បុគ្គលម្នាក់ទទួលបានសេវាថែទាំសុខភាព និងព្យាបាលដោយឡែក ដែលមិនអាចជាន់ជាមួយបុគ្គលផ្សេងទៀតឡើយ។

៣. ពង្រឹងការអនុវត្តច្បាប់ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដូចជាមុខសញ្ញាពាក់ព័ន្ធបទល្មើស ដីកាចាប់ខ្លួន ការអនុវត្តកាតព្វកិច្ច ឬកិច្ចសន្យាផ្សេងៗ ដូចជាទិញលក់អចលនទ្រព្យ កម្ចីធនាគារ ការបង់ពន្ធអាករផ្សេងៗ។ល។ ឧទាហរណ៍ បុគ្គលម្នាក់មានដីកាតាមចាប់ខ្លួនពីតុលាការ ដែលមិនអាចជាន់អត្តសញ្ញាណជាមួយបុគ្គលណាផ្សេងឡើយ។

ឃ.តើការកែតម្រូវទិន្នន័យអត្តសញ្ញាណបុគ្គលម្នាក់ គឺជាការងាយស្រួល ឬជាបញ្ហាស្មុគស្មាញ?

ចម្លើយគឺអាស្រ័យទៅលើទំហំនៃកំហុសទិន្នន័យ និងភាពស្អាតស្អំរបស់បុគ្គលនោះ។ ឧទាហរណ៍ការកទិន្នន័យបុគ្គលម្នាក់ពីឈ្មោះ «ចន្ទ អង្គារ» ទៅឈ្មោះ «ចន្ទ អង្គារី»? បើបុគ្គលនោះមានសាវតាល្អស្អាតស្អំការកែតម្រូវទិន្នន័យខាងលើមិនមានបញ្ហាស្មុគស្មាញនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ បើបុគ្គលនោះជាប់ឈ្មោះក្នុងដីកាតាមចាប់ខ្លួន ឬបណ្តឹងតុលាការ ការកែតម្រូវទិន្នន័យគឺមានលក្ខណៈស្មុគស្មាញ ដែលទាមទារនូវការស្រាវជ្រាវឱ្យបានច្បាស់លាស់។

ង. ដំណោះស្រាយចំពោះមុខ និងសម្រាប់ថ្ងៃអនាគត

កន្លងមក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលជាសេនាធិការរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារនេះ ដោយបានដាក់ចេញនូវនីតិវិធីនៃការកែតម្រូវទិន្នន័យ និងដំណោះស្រាយជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៧។ មកទល់បច្ចុប្បន្ន អគ្គនាយកដ្ឋានបានសម្រេចកែតម្រូវទិន្នន័យបានចំនួន ១៤៨.៨២៩នាក់ រួចហើយ និងកំពុងបន្តជំរុញការស្រាវជ្រាវ និងស៊ើបបញ្ជក់លើករណីស្មុគស្មាញមួយចំនួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ចំពោះមុខ អគ្គនាយកដ្ឋានកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តបន្ថែម និងអភិវឌ្ឍកម្មវិធីតាមប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីផ្ដល់សមត្ថកិច្ចដល់មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ក្រុង ស្រុក ខណ្ឌ មន្ត្រីអត្រានុកូលដ្ឋានថ្នាក់រាជធានី ខេត្ត និងមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ ក្នុងការពិនិត្យសម្រេចកែតម្រូវទិន្នន័យអត្រានុកូលដ្ឋានបានតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា។ ដំណោះស្រាយនេះ អាចកាត់បន្ថយពេលវេលាផ្ញើឯកសារចុះឡើង និងអាចចញឯកសារជូនប្រជាពលរដ្ឋប្រើប្រាស់បានលឿនជាងមុន។ ជាទិសដៅ កិច្ចការនេះអាចនឹងដាក់ឱ្យអនុវត្តនៅក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២៦។

ជាទិសដៅសម្រាប់ថ្ងៃអនាគត អគ្គនាយកដ្ឋានកំពុងសិក្សាលើជម្រើសនៃការផ្ទៀងផ្ទាត់ទិន្នន័យដោយខ្លួនឯងតាមប្រព័ន្ធអនឡាញ (Self-verification) ដើម្បីពន្លឿនសម្អាតទិន្នន័យដែលនៅសេសសល់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានកំហុសទិន្នន័យ។ ដោយឡែកសម្រាប់ទារកកើតថ្មី អគ្គនាយកដ្ឋានបាន និងកំពុងសាកល្បងដាក់ឱ្យដំណើរការ ការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធជូនដំណឹងពីប្រព័ន្ធសុខាភិបាលមកកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្តសញ្ញាណកម្ម ដែលអាចកាត់បន្ថយកំហុសជាច្រើន។ ប៉ុន្តែ កិច្ចការនេះ ត្រូវការពេលវេលាមួយសមស្របដើម្បីសាកល្បងដកបទពិសោធ និងការវិនិយោគដ៏ធំមួយក្នុងការបំពាក់ឧបករណ៍សម្ភារបច្ចេកទេស និងរៀបចំប្រព័ន្ធពីគ្រប់មូលដ្ឋានឃុំ សង្កាត់ មុននឹងឈានទៅពង្រីកនៅទូទាំងប្រទេស។

ទោះជាយ៉ាងណាក្តី ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន មុននឹងយកទៅប្រើប្រាស់ គឺជាកត្តាគន្លឹះដើម្បីសម្រេចជោគជ័យលើបញ្ហានេះ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមយកឱកាសនេះថ្លែងអំណរគុណ និងសូមស្វាគមន៍នូវរាល់មតិយោបល់ទាំងអស់ដែលបានផ្តល់ក្នុងន័យស្ថាបនា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល៕