ប្រកាសចូលកាន់មុខតំណែង លោក សំ ណារិទ្ធិ ពីអភិបាលស្រុកតាលោសែនជ័យ មកជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំថ្មីសាលាខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលខេត្ត ដោយការចូលរួមពីលោក ម៉ក់ រ៉ា​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

បន្ទាប់ពីទទួលបានអនុក្រឹត្យ, លោក សំ ណារិទ្ធិ ដែលទើបនឹងទទួលបានមុខតំណែងថ្មី ជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះអង្គពិធីទាំងមូល និងប្រជាពលរដ្ឋក្នុងខេត្ត៖ ប្តេជ្ញាគោរព និងអនុវត្តន៍តាម រដ្ឋធម្មនុញ្ញនៃកម្ពុជា គោរពដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។ ប្តេជ្ញាអនុវត្តការងារ តួនាទី ភារកិច្ច និងសិទ្ធិអំណាច ដែលច្បាប់បានកំណត់ ពិសេសច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ប្តេជ្ញាចូលរួមសហការយ៉ាងស្អិតរមួត ក្នុងស្មារតី សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយគណៈអភិបាលខេត្តទាំងអស់ ដើម្បីធានាប្រសិទ្ធភាពនៃការដឹកនាំរដ្ឋបាលខេត្ត។ ប្តេជ្ញាកសាង និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័ន កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងភាគីពាក់ព័ន្ធ។ ប្តេជ្ញាចូលរួមចំណែកអនុវត្តយ៉ាងសកម្មនូវ កម្មវិធីកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រ បញ្ចកោណ សម្រាប់នីតិកាលថ្មី ដោយផ្តោតលើការបម្រើប្រជាពលរដ្ឋ។ ប្តេជ្ញាជំរុញការផ្ដល់សេវាសាធារណៈ ឱ្យកាន់តែមានគុណភាព តម្លាភាព និងឆាប់រហ័ស តាមរយៈការអនុវត្ត កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ប្តេជ្ញាខិតខំដោះស្រាយរាល់បញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ ដោយតម្កល់ផលប្រយោជន៍របស់ប្រជាជនជាធំ និងចូលរួមថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងដែនសមត្ថកិច្ច។

ក្នុងឱកាសនោះលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោករដ្ឋលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់កិត្តិយសអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងថ្មី នៃខេត្តពោធិ៍សាត់​។

លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវការ​កោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុម​ប្រឹក្សា គណៈអភិបាលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ​ទូទាំងខេត្ត ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំ​ពេ​ញ​តួនាទីភារកិច្ច ប្រកបដោយ​ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងការធានាថែរក្សាសន្តិភាព ស្ថិរភាព​នយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកបន្តថា យោងតាមសំណូមពរចាំបាច់ លក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធនការងារកន្លងមក រាជរដ្ឋាភិបាលបា​នសម្រេចតែងតាំង លោក សំ ណារិទ្ធិ ពីអភិបាលស្រុកតាលោសែនជ័យ មកជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ឡាយ វិសិដ្ឋ ដែលត្រូវបញ្ចប់មុខតំណែង។

លោករដ្ឋលេខាធិកាសង្ឃឹម និងជឿជាក់ថា​ លោកអភិបាលរងនៃគណៈអភិបាលខេត្ត ដែលទើបនឹងទទួលការតែងតាំងថ្មី នឹងខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច តាមរយៈ​ចំណេះដឹង សមត្ថភាព និងបទពិសោធ​ការងាររបស់ខ្លួន ដើម្បី​បន្ត​ចូលរួម​ក្នុងការងារដឹកនាំ គ្រប់គ្រង​ និង​អភិវឌ្ឍមូលដ្ឋានខេត្តពោធិ៍សាត់ឱ្យកាន់តែមានភាព​រីក​ចម្រើន និង​ទទួល​បានសមិទ្ធផលថ្មីៗ​ថែមទៀត ពិសេសខិតខំការកៀរគរការវិនិយោគ និងដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា៕