(ភ្នំពេញ)៖ ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានដឹកនាំប្រតិភូក្រុមការងារ ចុះទៅខេត្តទាំង ៤ នៅភូមិភាគឦសាន ដើម្បីជួបសំណេះសំណាល ពិភាក្សាអំពីទិសដៅ និង យន្តការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨ ជាមួយអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ បន្ទាប់ពីបានជួបផ្ទាល់ជាមួយអភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២០ ខែ វិច្ឆិកា កន្លងទៅ។

ក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តទាំងបួន ដែលតែងតែបានផ្តល់កិច្ចសហការល្អ ដល់ក្រុមការងារ ក.វ.ឦសាន និង បានគូសរំលេចអំពីសារសំខាន់នៃការបំពេញបន្ថែមគ្នាទៅវិញទៅមក រវាងក្រុមការងារ ក.វ.ឦសាន ជាមួយនឹងអនុគណៈកម្មការវិនិយោគរបស់ខេត្តនីមួយៗ ក្នុងការអនុវត្ត កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន ប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ, លោកបណ្ឌិតសភាចារ្យ បានចែករំលែកបទពិសោធន៍ និង ទិដ្ឋភាពសំខាន់ៗនៃការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ដែលទទួលបានជោគជ័យលើសពីការរំពឹងទុក ដោយបានផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោង ប្រមាណ ៤០០ ក្នុងទំហំវិនិយោគជិត ៨ ប៊ីលានដុល្លាអាមេរិក និង បាននាំមកនូវសមិទ្ធិផលសំខាន់ៗជាច្រើន ជូនសង្គម-សេដ្ឋកិច្ចជាតិ ក៏ដូចជាសង្គម-សេដ្ឋកិច្ចក្នុងមូលដ្ឋាន។
លោកបណ្ឌិតសភាចារ្យ បានគូសរំលេចថា ការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨ ផ្តោតសំខាន់លើ ១). វិស័យកសិកកម្ម ដែលរួមបញ្ចូលទាំងការជំរុញការប្រើប្រាស់ដីធ្លី ឱ្យអស់សក្តានុពល, ២). វិស័យកសិ-ឧស្សាហកម្ម ដែលផ្តោតលើការលើកកម្ពស់ការកែច្នៃកសិផលក្នុងស្រុក ឱ្យមានតម្លៃបន្ថែមខ្ពស់ និង ៣). វិស័យ ទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ទាក់ទាញ តាមសក្តានុពលក្នុងតំបន់ ។
ការណ៍នេះ ទាមទារឱ្យមានការជ្រោមជ្រែង និង ភាពបុរេសកម្មរបស់អាជ្ញាធរខេត្តនីមួយៗ ក្នុងការចូលរួមទាក់ទាញការវិនិយោគ ប្រកួតប្រជែងនឹងប្រទេសជិតខាង និង ខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ក្នុងចំណោមខេត្តទាំងបួន នៅក្នុងភូមិភាគឦសាន ផងដែរ ។ ទន្ទឹមនេះ, រដ្ឋបាលខេត្តនីមួយៗ ត្រូវត្រៀមខ្លួនទទួលបន្តការរៀបចំ ការគ្រប់គ្រង និង ការថែទាំគម្រោងវិនិយោគទាំងឡាយ ប្រកបដោយស្មារតីបុរេសកម្ម និង ទំនួលខុសត្រូវខ្ពស់ បន្ទាប់ពីកម្មវិធីពិសេសត្រូវបានបញ្ចប់នៅចុងឆ្នាំ ២០២៨។
លោកអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី, រតនគិរី, ស្ទឹងត្រែង និង ក្រចេះ បានបញ្ជាក់ជំហរគាំទ្រយ៉ាងពេញទំហឹង និងប្តេជ្ញាចូលរួមសហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រុមការងារ ក.វ.ឦសាន ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជំរុញការវិនិយោគនៅភូមិភាគឦសាន ឱ្យមានលទ្ធផលផ្លែផ្កា ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាល ។
ជាមួយគ្នានេះ, លោកអភិបាលខេត្ត បានរាយការណ៍ជូនអង្គប្រជុំ អំពីស្ថានភាពបច្ចុប្បន្ន, សក្តានុពល និង បញ្ហាប្រឈមនានា ក្នុងការអភិវឌ្ឍ វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ព្រមទាំងបានគូសរំលេចអំពីសមិទ្ធផលសំខាន់ៗ ដែលខេត្តសម្រេចបាននាពេលកន្លងមក និង ផែនការអភិវឌ្ឍន៍សំខាន់ៗក្នុងខេត្ត នាជំហានបន្ទាប់។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានចូលរួមត្រេកអរចំពោះសមិទ្ធផលរបស់ខេត្តទាំងបួន និង បានឯកភាពជាមួយ លោកអភិបាល នៃគណៈអភិបាលខេត្ត ទាំងបួន លើការបន្តសហការជិតស្និទ្ធិ ដើម្បីសិក្សាស៊ីជម្រៅអំពីសក្តានុពល និង កាលានុវត្តភាពសម្រាប់ការវិនិយោគក្នុងខេត្ត ព្រមទាំងត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក្នុងការវិនិយោគ ព្រមទាំងអនុវត្តដោយសកម្មលើការផ្តល់ព័ត៌មាន ប្រឹក្សាយោបល់ និង ផ្សព្វផ្សាយ ទៅកាន់វិនិយោគិននានា។

ក្នុងដំណើរទៅកាន់ខេត្តទាំងបួននេះដែរ, លោកបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានឆ្លៀតចុះពិនិត្យស្ថានភាពវិនិយោគជាក់ស្តែងរបស់ ក្រុមហ៊ុន ថាហ្រ្គី ក្រចេះ (Thagri Kratie) ដែលមានទីតាំងស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ ដែលកំពុងវិនិយោគលើការអភិវឌ្ឍវិស័យកសិកម្មបែបទំនើប, ដោយពិនិត្យលើប្រសិទ្ធភាពនៃខ្សែច្រវ៉ាក់ផលិតកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ស្ថានភាពប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ឱ្យបានជាអតិបរិមា ដើម្បីផ្ទេរចំណេះដឹង និង ជំនាញស្របតាមច្បាប់ស្តីពីការវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា, ជាពិសេស ជំរុញការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ពិសេស គឺក្នុងពេលដែលយើងកំពុងមានចលនាប្រើប្រាស់ផលិតផលក្នុងស្រុក សំដៅឈានទៅម្ចាស់ការដោយកម្ពុជាខ្លួនឯង នូវសមត្ថភាពផលិតក្នុងស្រុក ឱ្យបានជាអតិបរិមា ទាំងបរិមាណ គុណភាព និង ប្រភេទទំនិញ។
ជាមួយគ្នានេះដែរ, លោកបណ្ឌិតសភាចារ្យ បានចុះជួបជាមួយវិនិយោគិនក្នុងវិស័យកាហ្វេ នៅខេត្តមណ្ឌលគិរី ដោយបានឈ្វែងយល់អំពីស្ថានភាពអាជីវកម្មកាហ្វេ នៅក្នុងខេត្ត និង បានលើកទឹកចិត្តឱ្យវិនិយោគិន ខិតខំជំរុញការអភិវឌ្ឍវិសេសភាព និង គុណភាពនៃដំណាំកាហ្វេ ដែលដាំនៅលើទឹកដីខេត្តមណ្ឌលគិរី ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកផង និង បង្កើនភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិផង ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យវិនិយោគិន ប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ឱ្យបានជាអតិបរមា និង បណ្តុះបណ្តាល អភិវឌ្ឍជំនាញ ជូនពលករជាប្រចាំ។

គួរបញ្ជាក់ជូនថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាព សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យ អាទិភាព ដូចជា វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលភាពនៅខេត្តភូមិភាគឦសាន ចំនួន ៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី៕
































