(មូស្គូ)៖ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា កងកម្លាំងរុស្ស៉ីកំពុងឡោមព័ទ្ធ និងគ្រប់គ្រងបាន ៧០ភាគរយនៃទីក្រុងយុទ្ធសាស្រ្ត Pokrovsk របស់អ៊ុយក្រែន ប៉ុន្តែឧត្តមសេនីយ៍កំពូលអ៊ុយក្រែននិយាយថា កងកម្លាំងទីក្រុងកៀវកំពុងវាយរុញច្រានទៅវិញយ៉ាងខ្លាំងក្លា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីក្រុងមូស្គូ បានព្យាយាមគ្រប់គ្រងទាំងស្រុងលើទីក្រុង Pokrovsk ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៤មក ដើម្បីដណ្តើមយកតំបន់ឧស្សាហកម្ម Donbas ទាំងមូលរបស់អ៊ុយក្រែន។ ជំនួសឱ្យការវាយសម្រុកលើទីក្រុង ដែលធ្លាប់មានមនុស្សជាង ៦០ ០០០នាក់រស់នៅ និងជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់សម្រាប់យោធាអ៊ុយក្រែន កងកម្លាំងរុស្ស៉ីបានប្រើវិធីសាស្រ្តឡោមព័ទ្ធ។ មូស្គូនិយាយថា ការចាប់យកបានទីក្រុង Pokrovsk នឹងផ្តល់ច្រកផ្លូវមួយឱ្យពួកគេឆ្ពោះទៅកាន់ទីក្រុងដែលគ្រប់គ្រងដោយអ៊ុយក្រែន ដែលនៅសេសសល់ក្នុងតំបន់ Donetsk គឺ Kramatorsk និង Sloviansk។
ក្នុងសន្និសីទសារព័ត៌មាននៅប្រទេសកៀហ្ស៉ីស៉ីស្ថាន លោក ពូទីន គូសបញ្ជាក់ថា «Pokrovsk និង Myrnohrad ត្រូវបានឡោមព័ទ្ធទាំងស្រុង។ ៧០ភាគរយនៃទឹកដី Pokrovsk ស្ថិតនៅក្នុងដៃរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៉ី។ នៅភាគខាងត្បូងទីក្រុង Myrnohrad ក្រុមសត្រូវ (អ៊ុយក្រែន) ត្រូវបានកាត់ផ្តាច់»។
មេបញ្ជាការកំពូលអ៊ុយក្រែន លោក Oleksandr Syrskyi បានឱ្យដឹងថា កងទ័ពកំពុងរារាំងការប៉ុនប៉ងរបស់កងកម្លាំងរុស្ស៉ី ដើម្បីវាយប្រហារថ្មីមកលើទីក្រុង Pokrovsk និង Myrnohrad។ ដោយឡែក អង្គភាពទ័ពភូមិភាគខាងកើតអ៊ុយក្រែនថា កំពុងបន្តការវាយឆ្មក់នៅភាគខាងត្បូងស្ថានីយ៍រថភ្លើង Pokrovsk ហើយការប្រយុទ្ធគ្នាកំពុងផ្ទុះឡើងនៅកណ្តាលទីក្រុង។
Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ លើការអះអាងពីសមរភូមិបានទេ។ ផែនទីរុស្ស៉ីបង្ហាញថា Pokrovsk ក្រោមការគ្រប់គ្រងរបស់មូស្គូ ហើយកងទ័ពអ៊ុយក្រែន ត្រូវបានឡោមព័ទ្ធនៅ Myrnohrad ប៉ុន្តែផែនទីអ៊ុយក្រែនបង្ហាញ Pokrovsk ជាតំបន់ពណ៌ប្រផេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីម្ខាង ហើយ Myrnohrad មិនត្រូវបានហ៊ុំព័ទ្ធទាំងស្រុងឡើយ៕






























