រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ គម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំនឹងអាកាសធាតុ និងនិរន្តរភាពកសិកម្ម ប្រកបដោយភាពធន់

(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ គម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំនឹងអាកាសធាតុ និងនិរន្តរភាពកសិកម្ម ប្រកបដោយភាពធន់ (CAISAR) ក្រោមសហហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងមូលនិធិអាកាសធាតុបៃតង (GCF) នៅសាលប្រជុំនៃសណ្ឋាគារឡឺរូយ៉ាល់។

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានលើកឡើងថា គម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំនឹងអាកាសធាតុ និងនិរន្តរភាពកសិកម្ម ប្រកបដោយភាពធន់ ជាគំនិតផ្តួចផ្តើមដ៏សំខាន់ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងភាពធន់នឹងអាកាសធាតុ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបានកំណត់នូវអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គោលបំណងចម្បងនៃគម្រោងគឺដើម្បីបង្កើនការបន្ស៊ាំទៅនឹងអាកាសធាតុ បន្ធូរបន្ថយផលប៉ះពាល់អវិជ្ជមាននៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងកែលម្អជីវភាពរស់នៅរបស់សហគមន៍ដែលងាយរងគ្រោះ។

សូមបញ្ជាក់ថា គម្រោងគម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំនឹងអាកាសធាតុ និងនិរន្តរភាពកសិកម្ម ប្រកបដោយភាពធន់ ដែលមានរយៈពេល៧ឆ្នាំ (២០២៥-២០៣០) នឹងត្រូវអនុវត្ត នៅក្នុងខេត្តចំនួនបួនគឺ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ព្រមទាំងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាជនជនបទប្រមាណ ៥៦២,០០០នាក់ តាមរយៈការវិនិយោគលើការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រសំខាន់ៗសរុបចំនួនប្រាំមួយ។

គម្រោងនេះ ផ្តល់នូវអត្ថប្រយោជន៍ជាក់ស្តែង សម្រាប់ពហុវិស័យ ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រាក់ចំណូល នៅតាមជនបទ និងកសិកម្មប្រកបដោយនិរន្តរភាព ការត្រៀមខ្លួនឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងភាពធន់របស់សហគមន៍ប្រកបដោយបរិយាបន្ន៕