(កៀវ)៖ អភិបាលតំបន់ Sumy របស់អ៊ុយក្រែន បានឱ្យដឹងនាថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោច៧នាក់ បានរងរបួស នៅពេលដែលដ្រូនរបស់រុស្ស៉ី បានវាយប្រហារចំអគារស្នាក់នៅ ក្នុងទីក្រុង Okhtyrka ភាគឦសានប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥។

តំបន់ Sumy ដែលស្ថិតនៅជាប់នឹងព្រំប្រទល់ជាមួយរុស្ស៉ី បានប្រឈមមុខជាមួយការបាញ់ផ្លោង និងការវាយប្រហារដោយដ្រូនសឹងតែរៀងរាល់ថ្ងៃ ចាប់តាំងពីទីក្រុងមូស្គូ បានបើកការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដែលបើគិតមកទល់នឹងពេលនេះ គឺអូសបន្លាយជិតដល់រយៈពេល៤ឆ្នាំហើយ។
គួរបញ្ជាក់ថា បើតាមលោក Oleh Hryhorov ដែលជាអភិបាលតំបន់ Sumy អគារកម្ពស់ច្រើនជាន់ខាងលើ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទាំងអ៊ុយក្រែននិងរុស្ស៉ី សុទ្ធតែបានអះអាងដូចគ្នាថា ពួកគេមិនបានកំណត់គោលលើជនស៉ីវិលឡើយ ប៉ុន្តែមនុស្សរាប់ពាន់នាក់ បានបាត់បង់ជីវិតនៅក្នុងជម្លោះបង្ហូរឈាមនេះ ហើយភាគច្រើនគឺជាជនជាតិអ៊ុយក្រែន៕































