(តូក្យូ)៖ អាជ្ញាធរជប៉ុន នៅថ្ងៃអង្គារ ទី៩ ខែធ្នូ បានលុបចោលការប្រកាសអាសន្នពីរលកស៊ូណាមិ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៥រ៉ិចទ័របានវាយប្រហារលើតំបន់ភាគខាងជើងនៃប្រទេស ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោច ៣០នាក់រងរបួស និងបង្ខំឱ្យប្រជាជន ៩០ ០០០នាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅរកកន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

គ្រោះរញ្ជួយដីខាងលើបានវាយប្រហារលើតំបនឆ្នេរ នៅម៉ោង ១១៖១៥នាទីយប់កាលពីថ្ងៃចន្ទ ហើយទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថារលកស៊ូណាមិមានកម្ពស់ ៣ម៉ែត្រ អាចនឹងវាយប្រហារ លើឆ្នេរភាគខាងឦសាននៃប្រទេស។ ការប្រកាសអាសន្នពីរលកស៊ូណាមិ បានធ្វើឡើងសម្រាប់ខេត្ត Hokkaido Aomori និងខេត្ត Iwate ខណៈរលកស៊ូណាមិនមានកម្ពស់ពី២០ ដល់៧០ សង់ទីម៉ែត្រ ត្រូវបានរាយការណ៍នៅតាមកំពង់ផែជាច្រើន។
រហូតដល់ព្រឹកថ្ងៃអង្គារនេះ ទើបទីភ្នាក់ងារឧតុនិយមជប៉ុនបន្ធូរបន្ថយការព្រមានទៅជាការណែនាំវិញ និងក្រោយបានលុបចោលការប្រកាសអាសន្នពីរលកស៊ូណាមិ។ មិនមានសេចក្ដីរាយការណ៍ពី ការខូចខាតធ្ងន់ធ្ងរនោះទេ៕































