
(កោះកុង)៖ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង នៅរាត្រីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងពិនិត្យស្ថានការណ៍ការស្នាក់នៅរបស់ប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនមកស្នាក់នៅក្នុងបរិវេណវត្តទេពនិម្មិត (ហៅវត្តថ្មី) និងសាខាកាកបាទក្រហមខេត្តជាបណ្តោះអាសន្ន ស្ថិតនៅក្នុងក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដែលបានជម្លៀសខ្លួនមកពីស្រុកមណ្ឌលសីមា ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ដែលពួកគាត់មានការភិតភ័យក្រោមការគំរាមកំហែងរបស់កងទ័ពថៃ ដែលបានបង្ហោះត្រូនចូលដែនដីនៃស្រុកមណ្ឌលសីមា។

ប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនមកស្នាក់នៅក្នុងវត្តបានលើកឡើងថា ពួកគាត់មានការភិតភ័យនឹងការគំរាមកំហែងរបស់ពួកចោលសៀម ដោយពួកគាត់បាននាំកូនចៅមកស្នាក់ក្នុងវត្តជាបណ្ដោះអាសន្នពីព្រោះក្រុមគ្រួសារពួកគាត់មានកូនចៅតូចៗ ហេតុដូច្នេះទើបគាត់ប្រញាប់ប្រញាល ចេញមកស្នាក់នៅក្នុងវត្ត និងសាខាកាកបាទក្រហម ព្រោះគាត់ខ្លាចពេលមានការផ្ទះអាវុធរវាងកងទ័ពកម្ពុជា និងនិងទ័ពសៀម ពិបាកក្នុងការធ្វើដំណើរហេតុដូច្នេះទើបគាត់សម្រេចចិត្តចេញមកទាំងយប់ដើម្បីសុវត្ថិភាពក្រុមគ្រួសារនិងកូនចៅ។
ក្នុងឱកាសនេះលោកស្រី ឈី វ៉ា អភិបាលខេត្ត ក្រៅពីការសួរសុខទុក្ខប្រជាពលរដ្ឋដែលបានភៀសខ្លួនមកហើយនោះ ក៏បានណែនាំឲ្យប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ឲ្យបានខ្ពស់ពីសុវត្ថិភាព និងសុខភាពចំពោះកូនចៅឲ្យល្អផងដែរ៕





































