
(ខេត្តស្ទឹងត្រែង)៖ លោក បណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯក ឧត្តម បណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម, លោក ចាន់ ពិសិដ្ឋ និង អ្នកស្រី អ៊ែល ទីរៀម ប្រធាន-អនុប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំ សមាជិក សមាជិកា និងក្រុមការងារទាំងអស់ នៃ សមាគម សម្ព័ន្ធយុវជន ដើម្បីសន្តិភាពសាខាខេត្តស្ទឹងត្រែង នាំយកគ្រឿង បរិភោគ ឧបត្ថម្ភជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងប្រចាំការនៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃ តាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែង។

អំណោយទាំងអស់ រួមមាន អំបុក មី ត្រីខ ទឹកបរិសុទ្ធស្ករស គ្រាប់ជី យកមកប្រគល់ជូនសាលាខេត្តស្ទឹងត្រែង
ឆ្លៀតក្នុងឱកាសនោះដែរ លោក ចាន់ ពិសិដ្ឋ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តស្ទឹងត្រែង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង តែងតែ អញ្ជើញទៅសួរសុខទុក្ខ និង នាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់បងប្អូនកងកម្លាំងកងទ័ពជួរមុខ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់កងទ័ពដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនការពារជាតិមាតុភូមិនៃយើង។
លោក លោក ចាន់ ពិសិដ្ឋ បានមានប្រសាសន៍បន្ថែមថា៖ យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណ និងដឹងគុណជាអនេកប្បការចំពោះ វីរកងទ័ពជួរមុខ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់កម្លាំងកាយចិត្ត សុភមង្គលក្នុងក្រុមគ្រួសារ អាយុជីវិត បូជាសាច់ស្រស់ ឈាមស្រស់ ធ្វើពលីកម្មយ៉ាងអង់អាចក្លាហាន និងមានស្មារតីមោះមុតក្នុងបេសកកម្មការពារបូរណភាពទឹក ដី មាតុភូមិកម្ពុជាដ៏ពិសិដ្ឋរបស់យើងក្នុងពេលបច្ចុប្បន្ននេះ។

យើងទាំងអស់គ្នា ក៏ដូចជាបងប្អូនកងទ័ពទាំងអស់ ពិតជាមានមោទនភាព និងភព្វសំណាង យ៉ាងក្រៃលែង ដែលមានថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការខិតខំដោះស្រាយ បញ្ហាជម្លោះព្រំដែនដោយសន្តិវិធី នាំយកបញ្ហាប្រសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតា ក្របី និងតំបន់មុំបីទៅ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់បញ្ហា ជាជាងបន្សល់ទុកបញ្ហាឱ្យ នៅស្រពិចច្រពិលរយៈពេលវែង ដែលអាចបង្ករឱ្យកើតមានជម្លោះប្រដាប់អាវុធជាថ្មី។

លោក ចាន់ ពិសិដ្ឋ បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា មិនចង់បានអ្វីក្រៅតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយ នៅបន្តមានបញ្ហាមិនចេះចប់ ជាពិសេសការកសាងខ្សែបន្ទាត់ព្រំដែនឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផងដែរ៕





































