មូលនិធិសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត=សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពបានមូលមតិគ្នាបង្កើតមូលនិធិមួយដើម្បីស្វែងរកជំនួយយកទៅជួយវីរៈកងទ័ពជួរមុខនិងប្រជាពលរដ្ឋដែលភៀសសឹក ដោយសារសង្គ្រាមនៅតាមព្រំដែនខ្មែរថៃនាពេលបច្ចុប្បន្ន។

សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព
អំពាវនាវសាធារណជន ជួយគាំទ្រមូលនិធិសង្គ្រោះវីរកងទ័ពជួរមុខ និង បងប្អូនប្រជាពលរដ្ឋកំពុងភៀសសិកនៅតាមព្រំដែនខ្មែរ-ថៃ ដែលបច្ចុប្បន្ន យន្តហោះចម្បាំងថៃF-16
រថក្រោះ និង កាំភ្លើងធំរបស់ទាហានថៃកំពុងបាញ់ផ្លោងទាំងសម្រុកចូលឈ្លានពានទន្រ្ទានយកដីខ្មែរខុសច្បាប់។

ដោយបានឃើញនៅសកម្មភាពទាំងនេះហើយទើប ឯកឧត្តម បណ្ឌិត សុខ ចាន់ ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានមូលមតិគ្នា បង្កើតមូលនិធិ ដើម្បីធ្វើសកម្មភាពប្រមូលជំនួយសង្គ្រោះមនុស្សធម៌។

ក្នុងស្ថានភាពសង្គ្រាមតាមព្រំដែនដែលបង្ករឱ្យមានការរងគ្រោះដល់ទាហានជួរមុខ និងប្រជាពលរដ្ឋមិនអាចគេចខ្លួនបាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពបានប្រកាសចាប់ផ្តើមយុទ្ធនាការប្រមូលថវិកាយោគយល់គ្នា ដើម្បីបង្កើត “មូលនិធិសង្គ្រោះវីរជន និងជនភៀសខ្លួន”។ យុទ្ធនាការនេះគឺដើម្បីផ្តល់ជំនួយដល់សហគមន៍ដែលកំពុងរងគ្រោះដោយផ្ទាល់ រួមទាំងជំនួយអាហារ សម្ភារៈសង្គ្រោះបឋម និងការគាំទ្រសង្គមចាំបាច់។

ប្រភពធនធាននៃមូលនិធិ និងគោលបំណងប្រើប្រាស់

កាលបរិច្ឆេទបើកយុទ្ធនាការ៖ ចាប់ពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៥ គោលដៅប្រមូលថវិកា គ្រឿងឧបភោគ បរិភោគ រួមទាំងសម្ភារ:ប្រើប្រាស់ ៖ ដែលមានទីតាំងនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅជិតតំបន់ព្រំដែនដែលមានជម្លោះ។ នៅក្នុងការផ្ដល់ជំនួញជូនដល់វីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋកំពុងរត់ភៀសសិក រួមមាន៖

-សំភារៈសង្គ្រោះបឋម៖ អាហារ ទឹកស្អាត ថ្នាំសង្គ្រោះបឋម និងសំលៀកបំពាក់

-ជំនួយហិរញ្ញវត្ថុ៖ ជួយដល់គ្រួសាររងគ្រោះដោយផ្ទាល់។
-ការគាំទ្រសង្គម៖ ផ្តល់ជំនួយផ្លូវចិត្ត និងសង្គមសម្រាប់ជនភៀសខ្លួន។

ដូច្នេះហើយ សាធារណៈជនអាចចូលរួមគាំទ្រយុទ្ធនាការជំនួយមនុស្សធម៌នេះ គឺធ្វើរៃអង្គាសតាមដងផ្លូវក្នុងក្រុងប៉ោយប៉ែត ដូចជា៖

  • ការបរិច្ចាគថវិកា៖ ផ្ទាល់តាមគណនីមូលនិធិរបស់សមាគម
  • ការបរិច្ចាគសំភារៈ៖ អាហារ សំលៀកបំពាក់ ថ្នាំ និងសម្ភារៈចាំបាច់ផ្សេងៗ
  • អ្នកស្ម័គ្រចិត្ត៖ ចូលរួមក្នុងការរៀបចំ ដឹកជញ្ជូន និងចែកចាយជំនួយ
    ផ្សព្វផ្សាយ៖ ចែករំលែកព័ត៌មាននេះតាមរយៈបណ្តាញសង្គម និងក្រុមគ្រួសារ

មិនតែប៉ណ្ណោះ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សូមអំពាវនាវដល់សប្បុរសជន អាជីវករ អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនទូទៅ សូមចូលរួមគាំទ្រដោយស្ម័គ្រចិត្ត ដើម្បីជួយបន្ធូរអាកាសភាពគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋរបស់យើងដែលកំពុងរងគ្រោះ។ គ្រប់ការបរិច្ចាគតូចក្តីធំក្តី នឹងត្រូវបានកត់ត្រា និងរាយការណ៍ជាសាធារណៈដោយយុត្តិធម៌ និងត្រឹមត្រូវ។សូមមេត្តារួមគ្នាជួយគ្នា យើងអាចបង្កើតជំនួយដ៏មានអត្ថន័យ និងផ្តល់សេចក្តីសង្ឃឹមដល់បងប្អូនជនរួមជាតិដែលកំពុងរងគ្រោះក្នុងពេលវេលាលំបាកនេះ៕