ICC ទាត់ចោលសំណើរបស់អ៉ីស្រាអែល ដែលចង់ឱ្យបញ្ឈប់ការស៉ើបអង្កេតសង្រ្គាមហ្កាហ្សា

(ឡាអេ)៖ ចៅក្រម​សាលាឧទ្ធរណ៍​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ICC កាលពី​ថ្ងៃចន្ទសប្តាហ៍នេះ ​បាន​បដិសេធ​បណ្តឹង​មួយ​ក្នុងចំណោម​បណ្តឹង​ផ្លូវច្បាប់​បន្តបន្ទាប់ ​ដែល​អ៉ីស្រាអែល​បាន​ដាក់​ ដើម្បីប្រឆាំងនឹង​ការស៉ើបអង្កេត​របស់​តុលាការ​ ជុំវិញ​សង្គ្រាមអ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ ២០២៥។

នៅក្នុង​បណ្តឹងឧទ្ធរណ៍ ចៅក្រម​ សម្រេចមិន​លុបចោល​សេចក្តីសម្រេច​របស់​តុលាការ​ជាន់ទាប ​ដែលថាការស៉ើបអង្កេត​របស់​អយ្យការ​លើ​បទឧក្រិដ្ឋ ​ដែល​ត្រូវបាន​ចោទប្រកាន់​ក្រោម​យុត្តាធិការ​របស់ខ្លួន​ អាច​រួមបញ្ចូល​ព្រឹត្តិការណ៍ដែលកើតឡើង ​ក្រោយការវាយប្រហារ​ដ៏សាហាវ​លើទឹកដីអ៉ីស្រាអែល ​ពីសំណាក់​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​ នាថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣។ មានន័យថា ការស៉ើបអង្កេតនឹងនៅតែបន្ត ហើយដីកាចាប់ខ្លួនឆ្នាំមុន សម្រាប់លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែល និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់លោក គឺលោក Yoav Gallant គឺនៅតែមានសុពលភាព។

ក្រសួងការបរទេសអ៉ីស្រាអែល ចាត់ទុកសេចក្តីសម្រេចនេះថា ជាឧទាហរណ៍នៃភាពមិនអើពើរបស់ ICC ចំពោះសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសមួយ ដែលមិនមែនជាសមាជិក ICC។ អ៉ីស្រាអែល ថាមិនទទួលស្គាល់យុត្តាធិការរបស់ ICC ឡើយ ហើយបដិសេធប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅហ្កាហ្សា ជាទីដែលខ្លួននិយាយថា យុទ្ធនាការយោធាគឺមានគោលបំណងកម្ចាត់ក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារថ្ងៃទី៧ ខែតុលា៕