តម្លៃប្រេងហក់ឡេីងខ្ពស់ ក្រោយលោក ត្រាំ ប្រកាសបិទខ្ទប់នាវាដឹកប្រេងជាប់ទណ្ឌកម្ម​ មិនឱ្យចេញ-ចូលវ៉េណេស៊ុយអេឡា

(Reuters)៖ តម្លៃប្រេង នៅថ្ងៃពុធ ទី១៧ ខែធ្នូនេះ បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចេញបញ្ជាឱ្យបិទខ្ទប់នាវាដឹកប្រេងជាប់ដាក់ទណ្ឌកម្មទាំងអស់ដែលចូល​ និងចេញពីប្រទេសវ៉េណេស៊ុយអេឡា ដោយបង្កើនជាភាពតានតឹងថ្មីខាងភូមិសាស្ត្រនយោបាយ ចំពេលមានការព្រួយបារម្ភអំពីតម្រូវការ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅ Brent ឡេីងថ្លៃ ៥៧សេន ឬ ០.៩០ភាគរយ គឺក្នុងមួយបារ៉ែល ៥៩.៥០ដុល្លារ ខណៈដែលប្រេងឆៅអាមេរិក West Texas Intermediate ឡើងថ្លៃ ៥៩សេន ឬក្បែរ ១ភាគរយ គឺ ៥៥.៨៦ដុល្លារក្នុងមួយបារ៉ែល។​ តាមពាណិជ្ជករប្រេងអាមេរិក ចំណាត់ការរបស់​លោក​ ត្រាំ​ អាចប៉ះពាល់ដល់ប្រេងចន្លោះពី ០.៤លានទៅ ០.៥លានបារ៉ែលក្នុងមួយថ្ងៃ ជំរុញឱ្យតម្លៃកេីនពី ១ដុល្លារទៅ ២ដុល្លារ។

ចាប់តាំងពីអាមេរិករឹបអូសកប៉ាល់ដឹកប្រេងវ៉េណេស៊ុយអេឡាមួយគ្រឿង ការនាំចេញប្រេងឆៅរបស់វ៉េណេស៊ុយអេឡា បានធ្លាក់ចុះយ៉ាងខ្លាំង។ ស្របពេលមាននាវាជាច្រើនដែលទទួលប្រេងនៅវ៉េណេស៊ុយអេឡា ស្ថិតក្រោមការដាក់ទណ្ឌកម្ម នាវាផ្សេងទៀតដែលដឹកជញ្ជូនប្រេងរបស់ប្រទេសនេះ និងប្រេងឆៅពីអ៉ីរ៉ង់ និងរុស្ស៊ីមិនត្រូវបានដាក់ទណ្ឌកម្មទេ។

កប៉ាល់ជួលដោយក្រុមហ៊ុន Chevron ក៏កំពុងដឹកប្រេងឆៅពីវ៉េណេស៊ុយអេឡាទៅកាន់សហរដ្ឋអាមេរិកផងដែរ ក្រោមការអនុញ្ញាតដែលផ្តល់ដោយទីក្រុងវ៉ាស៉ីនតោន។ អ្នកវិភាគនិយាយថា ទីផ្សារប្រេងត្រូវបានផ្គត់ផ្គង់យ៉ាងល្អសម្រាប់ពេលនេះ ប៉ុន្តែប្រសិនបើការហ៊ុមព័ទ្ធនៅកន្លែងមួយមានរយៈពេលយូរ នោះតម្លៃប្រេងឆៅទំនងជាកើនថែមទៀត៕