អធិការបតីអាល្លឺម៉ង់ លោក Merz លេីកពីលទ្ធភាពដែលកងរក្សាសន្តិភាពលោក​ខាងលិចអាចជួយអ៊ុយក្រែន បន្ទាប់ពីមានបទឈប់បាញ់

(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា ក្រោមការធានាសន្តិសុខក្រោយបទឈប់បាញ់ដែលផ្តល់ដោយសហរដ្ឋអាមេរិក និងអឺរ៉ុបសម្រាប់អ៊ុយក្រែន កងរក្សាសន្តិភាពក្នុងកាលៈទេសៈខ្លះអាចវាយលុកកងកម្លាំងរុស្ស៉ីបាន ដោយបន្ថែមថាយ៉ាងណាវានៅតែជាការរំពឹងទុកដ៏វែងឆ្ងាយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ ២០២៥។

នៅពេលត្រូវបានសួរដោយសង្កត់ធ្ងន់អំពីព័ត៌មានលម្អិតទាក់ទងនឹងការធានាសន្តិសុខដែលអាចធ្វើទៅបាន​ ដោយសហរដ្ឋអាមេរិក នៅក្នុងកិច្ចពិភាក្សាទីក្រុងបែរឡាំង ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីដេីមសប្តាហ៍ លោក Merz និយាយថា អ្នកធានានឹងត្រូវបណ្តេញកងកម្លាំងរុស្ស៉ី ប្រសិនបើមានការបំពានលើលក្ខខណ្ឌបទឈប់បាញ់ណាមួយ។

លោក Merz គូសបញ្ជាក់ថា «យើងនឹងធានាបាននូវតំបន់គ្មានយោធារវាងភាគីសង្រ្គាម ហើយដើម្បីឱ្យជាក់លាក់បំផុត យើងក៏នឹងធ្វើសកម្មភាពប្រឆាំងសកម្មភាពបំពាន ក៏ដូចជាការវាយប្រហាររបស់រុស្ស៉ីផងដែរ។ យើងមិនទាន់ឈានដល់កិច្ចការនោះនៅឡើយទេ»

គួរបញ្ជាក់ថា រុស្ស៉ី មិនទាន់យល់ព្រមចំពោះបទឈប់បាញ់ដែលទាំងអាមេរិក និងអឺរ៉ុបបាននិយាយថា នឹងក្លាយជាតម្រូវការជាមុនសម្រាប់ការធានាសន្តិសុខណាមួយ ឬវត្តមានរបស់ទាហានលោកខាងលិចនៅលើដីក្នុងប្រទេសអ៊ុយក្រែន ដើម្បីជួយបញ្ចប់សង្រ្គាមពេញលេញនោះទេ៕