ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន ចូលជួបសម្តែងការគួរសម ជាមួយ អភិបាលខេត្តព្រះសីហនុ

 

ខេត្តព្រះសីហនុ៖ ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្ត ព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្ប ១០កើត ខែ ស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នេះជាលើកទីពីរ ហើយ ដែល ឯកឧត្តមមកទស្សនកិច្ច ខេត្តព្រះសីហនុ បន្ទាប់ពី ឯកឧត្តម មកធ្វើការនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ កាលពីរឆ្នាំមុន ឯកឧត្តម ក៏បានមកភ្នំពេញចូលរួមកិច្ច ប្រជុំអាស៊ាន ហើយមកដល់ បច្ចុប្បន្ន កម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំង និយាយរួម និង និយាយដោយឡែក គឺក្រុងព្រះសីហនុ តែម្តង ចាប់តាំង ពីឯកឧត្តម គួច ចំរើន បានឡើងធ្វើអភិបាលខេត្តព្រះសីហនុនេះមក។
ខេត្តព្រះសីហនុមានការអភិវឌ្ឍន៍ យ៉ាង កម្ហុក ថ្វីត្បិត តែពិភពលោក មានកំមាន ជម្ងឺ កូវីដ-១៩ ឆ្លងរីករាលដាលយ៉ាងណាក៏ចុះ។

ឯកឧត្តម MIKAMI MASAHIRO បានបន្តថា៖ កម្ពុជាឆ្លងកាត់សង្គ្រាម ជាច្រើនឆ្នាំ មកដល់ពេលនេះ សម្រេចបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ពិសេស ខេត្តព្រះសីហនុ មានអគារខ្ពស់ៗជាច្រើន កន្លែង កំពុងមានការអភិវឌ្ឍខ្លាំងគួរឱ្យចាប់អារម្មណ៍ មានកំពង់ផែ ដែលមានសក្តានុពលអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយមានការីកចំរើន ពីមួយថ្ងៃទៅមួយថ្ងៃៗ ។ រាជរដ្ឋាភិបាលជប៉ុន មានកិច្ចសហប្រតិបត្តិការល្អ ពិសេសជាមួយកម្ពុជា និង ប្រជាជន ជប៉ុន ដែលមករកស៊ីនៅ ខេត្តព្រះសីហនុ រងគ្រោះដោយសារការរលំបាក់អគារកាលពីកន្លងមក ហើយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយបានទាន់ពេលវេលា។

ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ចង់ដឹងពីការអភិវឌ្ឍខេត្ត លើបញ្ហាផ្លូវទឺក ប្រព័ន្ធលូ ទឹកស្អុយ ភ្លើងបំភ្លឺផ្លូវ និង មានគម្រោងអភិវឌ្ឍន៍ខេត្តបែបណា ហើយឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានថ្លែង អំណរគុណ រដ្ឋបាលខេត្តដែលបានសហការ នៃការចូលចតរបស់នាវាកងទ័ពជើងទឹកជប៉ុន នៅខេត្តព្រះសីហនុកន្លងមក តែនាវានេះអាក់ខានមិនបានចូលចត នៅក្នុងអំឡុង ខែសីហានោះទេ ដោយសារមាន ជម្ងឺកូវីដ-១៩ កំពុងឆ្លងខ្លាំង នៅពាសពេញលើពិភពលោក តែទោះជាយ៉ាងណាក៏ដោយ នៅពេលខាងមុខនឹងមាននាវាជាច្រើនទៀតចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ។
ឯកឧត្តម ក៏បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុនមកកាន់ខេត្តព្រះសីហនុដើម្បីដើរទេសចរណ៍កំសាន្តលេង នៅក្នុងខេត្តដែលមានសក្តានុពលខាងវិស័យទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រការអភិវឌ្ឍនៅកម្ពុជា ជាពិសេសនៅក្នុងទឺកដីនៃខេត្តព្រះសីហនុ ដោយសារការអភិវឌ្ឍនាពេលបច្ចុប្បន្នធ្វើឱ្យ ផ្លូវក្នុងក្រុងមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ឈានទៅខូចខាតទាំងស្រុង ហើយបច្ចុប្បន្ន កំពុងសាងសង់ផ្លូវដែលខូចខាត ឡើងវិញហើយ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា៖ ខេត្តព្រះសីហនុជាខេត្តទេសចរណ៍ ការអភិវឌ្ឍ រយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ធ្វើឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណងដែលមានវិស័យ សំខាន់ៗដូចជា វិស័យសំណង់ ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន និងទេសចរណ៍។ ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅ ព្រលានយន្តហោះ ផ្លូវដែក ផ្លូវគោក ដោយសារកំណើន នៃការដឹកជញ្ជូនមានការកើនឡើង។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានបន្ថែមថា៖ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ កន្លងមក នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចតេជោ បានបញ្ចេញកញ្ចប់ថវិកាសាង សង់ផ្លូវក្នុងក្រុងព្រះសីហនុចំនួន៣៤ខ្សែ គ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកាខាង មុខនេះ។ ឯកឧត្តមបន្តទៀតថា តាមលទ្ធភាពឆ្នាំនេះរដ្ឋបាលខេត្តមាន គម្រោងស្តារប្រព័ន្ធអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ដើម្បីរំដោះជំនន់ទឹកភ្លៀង ហើយយើង ក៏មានមហិច្ឆតាចង់ ចាក់បេតុងជើងទេតាមអូរ ប្រឡាយ តែមិនទាន់មានថវិកាគ្រប់។

ឯកឧត្តអភិបាលខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុមានសក្តានុពលលើគ្រប់វិស័យ ក៏ប៉ុន្តែមិនទាន់ទំនើប រាជរដ្ឋាភិបាលបានសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ ផ្តល់ភាពអនុគ្រោះដល់វិស័យទេសចរណ៍ និងវិនិយោគនៅពេលខាងមុខផងដែរ ៕ ដោយមនោរាហ៍