ប្រមុខ UN អំពាវនាវឱ្យអ៉ីស្រាអែល លុបចោលការដាក់បម្រាមលើអង្គការមនុស្សធម៌ ដែលផ្តល់ជំនួយនៅហ្កាហ្សា

(យូអិន)៖ កាលពីថ្ងៃសុក្រ ទី២ ខែមករា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានអំពាវនាវឱ្យអ៉ីស្រាអែលលុបចោលវិញ នូវការដាក់បម្រាមលើអង្គការមនុស្សធម៌ ដែលបានផ្តល់ជំនួយនៅតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Stephane Dujarric ដែលជាអ្នកនាំពាក្យរបស់លោក Guterres បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រមុខ UN អំពាវនាវឱ្យចំណាត់ការនេះត្រូវលុបចោលវិញ ព្រោះអង្គការ NGO អន្តរជាតិ គឺមិនអាចខ្វះបានឡើយ ក្នុងការងារមនុស្សធម៌ដើម្បី​ជួយសង្រ្គោះអាយុជីវិតមនុស្ស ហើយបម្រាមនេះក៏បង្កហានិភ័យផងដែរ ចំពោះវឌ្ឍនភាពដ៏ផុយស្រួយ ដែលសម្រេចបានកន្លងមក អំឡុងបទឈប់បាញ់។ សកម្មភាពថ្មីនេះ នឹងធ្វើឱ្យកាន់តែដុនដាបធ្ងន់ធ្ងរខ្លាំងថែមទៀត នូវវិបត្តិមនុស្សធម៌ដែលប្រជាជនប៉ាឡេស្ទីន កំពុងតែប្រឈម។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ៉ីស្រាអែលបានប្រកាសថា អង្គការមនុស្សធម៌បរទេសសរុបចំនួន៣៧ ត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនៅតំបន់ហ្កាហ្សាទៀតឡើយ បន្ទាប់ពីពួកគេមិនព្រមចែករំលែកបញ្ជីឈ្មោះនៃបុគ្គលិកប៉ាឡេស្ទីន ជាមួយដ្ឋាភិបាលអ៉ីស្រាអែល ក្រោមគោលការណ៍កំណត់ថ្មី។ អង្គការ NGO ទាំងឡាយ ដែលជាប់ក្នុងបម្រាមនោះ ត្រូវបានបង្គាប់ឱ្យ​បញ្ឈប់ប្រតិបត្តិការទាំងអស់របស់ពួកគេ នៅត្រឹមថ្ងៃទី១ ខែមីនា៕