ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការធ្វើកូដកម្មនៅរោងចក្រ ញូថាហ្គេត ហ៊ូតវែរ (ខេមបូឌា) ឯ.ក

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការធ្វើកូដកម្មនៅរោងចក្រ ញូថាហ្គេត ហ៊ូតវែរ (ខេមបូឌា) ឯ.ក NEW TARGET FOOTWEAR (CAMBODIA) CO., LTD. ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិ ទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមរយៈសេចក្តីប្រកាសរបស់ ក្រសួងការងារ បានបញ្ជាក់ថា មានករណីបងប្អូនកម្មករនិយោជិតនៃរោងចក្រខាងលើបានធ្វើ កូដកម្មទាមទារឱ្យរោងចក្រ អនុវត្តនូវលក្ខខណ្ឌការងារមួយចំនួនក្នុងនោះ ទាមទារឱ្យម្ចាស់ឬនាយកនៃរោងចក្រ ខាងលើទូទាត់ជាប្រាក់សម្រាប់ការឈប់សម្រាកប្រចាំឆ្នាំរបស់ខ្លួន កាលពីរសៀលថ្ងៃទី៨ និងព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។

ក្រសួងបានបន្ថែមថា យោងតាមកថាខណ្ឌទី៣ មាត្រា១៦៧ នៃច្បាប់ស្តីពីការងារ ចែងថា «អនុសញ្ញារួមណាដែលមាន គ្រោងឱ្យប្រាក់បំណាច់ដើម្បីទូទាត់សម្រាប់ជួសការឈប់សម្រាកព្រមទាំងការព្រមព្រៀងស្តីពីការបោះបង់ ឬមិនព្រម ប្រើសិទ្ធិឈប់សម្រាកប្រចាំឆ្នាំត្រូវទុកជាមោឃៈ ហើយគ្មានហេតុផលអ្វីទាំងអស់» មានន័យថា ការឈប់សម្រាក ប្រចាំឆ្នាំដែលមានប្រាក់ឈ្នួលមិនអាចទូទាត់ជាប្រាក់នៅពេលដែលកម្មករនិយោជិតកំពុងធ្វើការនៅក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្របានទេ តែអាចទូទាត់ជាប្រាក់បាននៅពេលរំលាយកិច្ចសន្យាការងារ (បញ្ឈប់ពីការងារ)។ ការឈប់សម្រាកប្រចាំឆ្នាំចំនួន ១៨ថ្ងៃ ក្នុងមួយឆ្នាំ គឺជាពេលវេលាមួយដែលតម្រូវឱ្យកម្មករនិយោជិតធ្វើការឈប់ សម្រាកដើម្បីថែទាំសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត៕