គុយបា នៅតែប្រកាន់គោលជំហរផ្ទាល់ខ្លួន ក្រោយលោក ត្រាំ គំរាមមិនឱ្យទទួលបានប្រេងវ៉េណេស៊ុយអេឡា

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា គ្មានឡើយប្រេងវ៉េណេស៊ុយអេឡា ឬលុយហូរចូលទៅកាន់គុយបាទៀតទេ ហើយប្រទេសកុម្មុយនីសមួយនេះ គួរតែធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានច្រានចោលការគំរាមនេះ ដោយនិយាយថា សហរដ្ឋអាមេរិកគ្មានសិទ្ធិអំណាចបង្ខំគុយបាឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ ២០២៦។

លោក ត្រាំ បានសរសេរលើបណ្តាញសង្គម Truth Social យ៉ាងដូច្នេះថា «នឹងគ្មានប្រេង ឬលុយ ហូរចូលទៅគុយបាទៀតឡើយ គឺសូន្យ ខ្ញុំឱ្យយោបល់ពួកគេ ថាធ្វើកិច្ចព្រមព្រៀងមួយ មុនពេលអ្វីៗយឺតពេល»។ លោក ត្រាំ បន្ថែមថា «គុយបាអាចរស់នៅបាន ច្រើនឆ្នាំមកនេះ ដោយអាស្រ័យលើប្រេងដ៏សន្ធឹកសន្ធាប់ និងលុយពីវ៉េណេស៊ុយអេឡា»

លោក Diaz-Canel បញ្ជាក់តាមបណ្តាញសង្គម X យ៉ាងដូច្នេះថា «គុយបាជាប្រទេសសេរី ឯករាជ្យ និងអធិបតេយ្យ។ គុយបា មិនវាយប្រហារមុនទេ និងធ្លាប់រងការវាយប្រហារពីអាមេរិក ៦៦ឆ្នាំមកនេះ ហើយខ្លួនមិនគំរាមកំហែងទេ តែចង់និយាយថាបានត្រៀមជាស្រេចដើម្បីការពារមាតុភូមិ រហូតដល់ដំណក់ឈាមចុងក្រោយ»

គួរបញ្ជាក់ថា វ៉េណេស៊ុយអេឡា គឺជាអ្នកផ្គត់ផ្គង់ដ៏ធំសម្រាប់គុយបា ប៉ុន្តែគ្មានកប៉ាល់ណាមួយដឹកប្រេង ចេញពីវ៉េណេស៊ុយអេឡាទៅគុយបានោះទេ តាំងពីមេដឹកនាំ លោក នីកូឡាស់ ម៉ាឌូរ៉ូ ត្រូវចាប់ខ្លួនដោយកងកម្លាំងអាមេរិក នាដើមខែមករា ចំពោះមុខការបិទខ្ទប់ប្រេងដោយសហរដ្ឋអាមេរិក សម្រាប់ប្រទេស OPEC៕