(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីប្រកាសអំពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ នៅវិមានព្រឹទ្ធសភា ដោយមានរបៀបវារៈចំនួន២។ កិច្ចប្រជុំបានធ្វើឡើងក្រោមអធិបតីភាពរបស់ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ អគ្គលេខធិការដ្ឋានព្រឹទ្ធសភា ដែលទទួលបាន គឺបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេច ដូចខាងក្រោម៖
១៖ ប្រគល់ភារកិច្ចជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ សហការជាមួយគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ។
២៖ ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖
































