ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំ កិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការរៀបចំ និង កសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិលខេត្ត និងការចាត់អទិភាពគម្រោងសកម្មភាពនៃកម្មវិធីវិនិយោគ បីឆ្នាំរំកិលខេត្តឡើងវិញ។ ដឹកនាំដោយ លោក ឈិន សេងងួន អភិបាល រងខេត្តនៃគណៈអភិបាលខេត្តព្រះសីហនុ និង ជាប្រធានក្រុមការងារ ឯកឧត្តម ប្រាក់ ស៊ីហារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត លោក ជំទាវ បា្រក់ ច័ន្ទសុខា ប្រធានសមាគមន៍នារី ខេត្តព្រះសីហនុ រួមជាមួយសិក្ខាកាម ពាក់ព័ន្ធជុំវិញ ខេត្ត ចំនួន ៦៣នាក់ ផងដែរ។
កិច្ចប្រជុំនេះ មានគោលបំណង ឱ្យអ្នកពាក់ព័ន្ធបានយល់ពីខ្លឹមសារនៃសេចក្តីណែនាំ ស្តីពីការរៀបចំ និងកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត បានយល់ពីខ្លឹមសារលិខិតបទដ្ឋាននានា កញ្ចប់ថវិកាប្រចាំឆ្នាំ សារៈសំខាន់ នៃ ការចូលរួម និងចូលរួមកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា គម្រោងដែលអាទិភាពហើយមិនទាន់មានថវិកាគាំទ្រអនុវត្ត នឹងត្រូវពិចារណាដាក់បញ្ជូលទៅជាតម្រូវការក្នុងកម្មវិធីវិនិយោគលើកក្រោយទៀត។ លោក បន្ថែមទៀតថា គ្រប់មន្ទីរអង្គភាព ដៃគូអភិវឌ្ឍន៍ទាំងអស់ត្រូវកិច្ចសហការណ៍ល្អ ជាមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់ជារបាយការណ៍ ការអនុវត្តគម្រោងអោយបានទៀតទាត់។ លោកបានបញ្ជាក់បន្ថែមទៀតថា ក្នុងដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ត្រូវតែមានធាតុចូលពីគ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ហេតុនេះលោកស្នើអោយអ្នកពាក់ព័ន្ធទាំងអស់ត្រូវតែផ្តល់ធាតុចូលមកក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្ត អោយបានគ្រប់គ្រាន់ ត្រឹមត្រូវតាមលក្ខខណៈបច្ចេកទេស និងទាន់ពេលវេលា ។

នៅក្នុងកិច្ចប្រជុំនេះ លទ្ធផលរំពឹងទុក គឺ ក្រោយកិច្ចប្រជុំ គ្រប់ភាគីពាក់ព័ន្ធក្តាប់បានពីគោលបំណង នៃសេចក្តីណែនាំ ស្តីពីការរៀបចំ និងកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងទទួលបានការណែនាំពីនីតិវិធីនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំ រំកិលខេត្ត ដោយបានយល់ និងចេះបំពេញបណ្តា តារាងគម្រោង សកម្មភាពមានថវិកាគាំទ្រ, តារាងគម្រោង សកម្មភាពកំពុងដំណើរការ, តារាងគម្រោង សកម្មភាពមិនមានថវិការគាំទ្រ, តារាងគម្រោង សកម្មភាពរបស់ ក្រសួង-ស្ថាប័នកំពុងដំណើការក្នុងខេត្ត, តារាងគម្រោង សកម្មភាពរបស់អង្គការជាតិ-អន្តរជាតិ និង វិស័យឯកជនកំពុងដំណើការក្នុងខេត្ត, តារាងគម្រោង សកម្មភាពដែលបានបញ្ចប់៕ ដោយ CNP
































