មន្ត្រីអាមេរិក៖ សហរដ្ឋអាមេរិកបើកចំហទ្វារចរចា ប្រសិនបើអ៉ីរ៉ង់ចង់ អាចទំនាក់ទំនងបាន

(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកម្នាក់កាលពីថ្ងៃចន្ទ ទី២៦ ខែមករា បាននិយាយថាសហរដ្ឋអាមេរិកបើកចំហទ្វារចរចា ប្រសិនបើអ៉ីរ៉ង់ចង់ទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតោន ខណៈរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ជុំវិញការបង្រ្កាបលើក្រុមបាតុករ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅពេលត្រូវបានសាកសួរអំពីលក្ខខណ្ឌនៃកិច្ចចរចាជាមួយអ៉ីរ៉ង់ មន្ត្រីអាមេរិកខាងលើបានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំគិតថាពួកគេ (អ៉ីរ៉ង់) ដឹងពីលក្ខខណ្ឌ)។ ពួកគេដឹងយ៉ាងច្បាស់ពីលក្ខខណ្ឌ»។ លោក ត្រាំ បានគំរាមម្ដងហើយម្ដងទៀតថានឹងធ្វើអន្តរាគមន៍ ប្រសិនបើអ៉ីរ៉ង់នៅតែបន្តសម្លាប់បាតុករ តែឥលូវស្ថានការណ៍បាតុកម្មនៅទូទាំងប្រទេសអ៉ីរ៉ង់មានការថមថយ។ លោក ត្រាំក៏បានអះអាងដែរថាការប្រហារជីវិតក្រុមបាតុករ ត្រូវបានបញ្ឈប់។

យ៉ាងណាក៏ដោយ នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿងអមដំណើរដោយនាវាពិឃាដជាច្រើនគ្រឿងបានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយ ដែលនេះនឹងជួយពង្រីកសមត្ថភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីការពារកងកម្លាំងអាមេរិក ឬក៏ចាត់វិធានយោធាណាមួយប្រឆាំងនឹងអ៉ីរ៉ង់។

មន្ត្រីអាមេរិក២នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ Reuters កាលពីថ្ងៃចន្ទ ទី២៦ ខែមករាថានាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln និងនាវាពិឃាដប្រដាប់ដោយមីស៊ីលជាច្រើន គ្រឿងបានធ្វើដំណើរឆ្លងចូលទៅក្នុងតំបន់មជ្ឈិមបូព៌ា។ លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបាននិយាយថាកងនាវាចម្បាំងអាមេរិកកំពុងធ្វើដំណើរឆ្ពោះទៅកាន់អ៉ីរ៉ង់ ប៉ុន្តែសង្ឃឹមថាលោកនឹងមិនចាំបាច់ ត្រូវប្រើប្រាស់នាវាចម្បាំងទាំងនោះឡើយ៕