លោក ដូណាល់ ត្រាំ កំពុងពិចារណាវាយប្រហារលើអ៉ីរ៉ង់ ដើម្បីជំរុញឱ្យមានបាតុកម្មតវ៉ាសាជាថ្មី

(ឌូបៃ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើជម្រើសជាច្រើនប្រឆាំងនឹងអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងជម្រើសវាយប្រហារកំណត់គោលដៅលើកងកម្លាំងសន្តិសុខ និងមេដឹកនាំអ៉ីរ៉ង់ ដើម្បីជំរុញលើកទឹកចិត្តដល់ក្រុមបាតុករ បើទោះជាក្រុមមន្ត្រីអ៉ីស្រាអែល និងអារ៉ាប់យល់ថាការវាយប្រហារតាមផ្លូវអាកាសតែមួយគត់មិនអាចផ្ដួលរំលំរបបដឹកនាំទីក្រុងតេហេរ៉ង់បានក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើមន្ត្រីអាមេរិក២រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថាលោក ត្រាំ ចង់បង្កើតឱ្យមានលក្ខខណ្ឌដែលនាំទៅរកការផ្លាស់ប្ដូររបបដឹកនាំអ៉ីរ៉ង់សព្វថ្ងៃ បន្ទាប់ពីកងកម្លាំងសន្តិសុខអ៉ីរ៉ង់បានបង្រ្កាបយ៉ាងសាហាវអស្ចារ្យលើក្រុមបាតុករនៅទូទាំងប្រទេសកាលពីដើមខែមករានេះដែលអង្គការសិទ្ធិមនុស្សអះអាងថាមានមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់។

មន្ត្រីទាំង២រូបខាងលើបានបញ្ជាក់ថា ដើម្បីធ្វើដូច្នេះ លោក ត្រាំបាន និងកំពុងពិចារណាលើជម្រើសជាច្រើនដូចជាការវាយប្រហារលើក្រុមមេបញ្ជាការ ឬស្ថាប័នរបស់អ៉ីរ៉ង់ដែលអាមេរិកចាត់ទុកថាជាអ្នកទទួលខុសត្រូវលើការបង្រ្កាបយ៉ាងហិង្សាដើម្បីជំរុញលើកទឹកចិត្តក្រុមបាតុករឱ្យជឿជាក់ថាពួកគេអាចយកឈ្នះលើរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខ។ ដោយឡែក មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រី២រូបដដែលបាននិយាយថាជម្រើសដែលកំពុងស្ថិតនៅក្រោមការពិចារណារបស់ក្រុមមនុស្សជំនិតរបស់លោក ត្រាំដែរនោះ ក្នុងនោះរួមមានទាំងការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំដែលអាចបង្កផលប៉ះពាល់យូរអង្វែង តួយ៉ាងដូចជាការវាយប្រហារលើឃ្លាំងមីស៊ីលបាលិស្ទីគដែលអាចបាញ់ដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកទាំងអស់ នៅក្នុងតំបន់មជ្ឈិមបូព៌ា ឬក៏កម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់។

ប៉ុន្តែលោក ដូណាល់ ត្រាំមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយណាមួយថាតើគួរប្រើកម្លាំងយោធាលើអ៉ីរ៉ង់ ឬក៏យ៉ាងណានៅឡើយទេ ខណៈកងនាវាចម្បាំងអាមេរិកដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយក្នុងសប្ដាហ៍នេះ។ អ៉ីរ៉ង់បានព្រមានថានឹងចាត់វិធានការសងសឹកយ៉ាងចាស់ដៃ ទៅនឹងការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិក ហើយព្រមានថាប្រទេសផ្សេងទៀតក្នុងតំបន់ក៏អាចនឹងក្លាយជាគោលដៅវាយប្រហាររបស់ខ្លួនផងដែរ ប្រសិនបើពួកគេអនុញ្ញាតឱ្យអាមេរិក ប្រើប្រាស់ទឹកដី ឬមូលដ្ឋានទ័ពរបស់ពួកគេដើម្បីវាយប្រហារលើអ៉ីរ៉ង់។

គួរបញ្ជាក់ថា បើតាមអង្គការសិទ្ធិមនុស្ស HRANA មានមូលដ្ឋាននៅសហរដ្ឋអាមេរិក មនុស្សយ៉ាងហោច ៥៩៣៧នាក់ ក្នុងនោះរួមមានទាំងកងកម្លាំងសន្តិសុខអ៉ីរ៉ង់ ២១៤នាក់ ត្រូវបានសម្លាប់ក្នុងមហាបាតុកម្ម ខណៈក្រុមមន្ត្រីអ៉ីរ៉ង់ថាអ្នកស្លាប់មាន ៣១១៧នាក់។ តួលេខអ្នកស្លាប់ត្រូវបានគេរំពឹងថាអាចនឹងមានច្រើនជាងនេះ ស្របពេលអាជ្ញាធរអ៉ីរ៉ង់បានបិទបណ្ដាញអ៉ីនធើណិត៕