ហ្វីលីពីនរៀបចំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីដោះស្រាយបញ្ហាតំបន់

(CEBU, ហ្វីលីពីន)៖ បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានចាប់ផ្ដើមបើកកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើនក្នុងតំបន់រួមមានដូចជា តំបន់សមុទ្រចិនខាងត្បូង សង្រ្គាមស៊ីវិលនៅមីយ៉ាន់ម៉ា និងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានមានគោលដៅកំណត់ពីរបៀបវារៈរបស់អាស៊ានសម្រាប់ឆ្នាំ២០២៦ ដែលហ្វីលីពីនកាន់តំណែងជាប្រធានប្ដូរវេន។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Ma. Theresa Lazaro បានប្រាប់សមភាគីអាស៊ានរបស់លោកស្រីថាបរិយាកាសសន្តិសុខពិភពលោកកាន់តែជួបបញ្ហាប្រឈមរឹតតែខ្លាំងឡើង កាន់តែស្មុគស្មាញ និងជាប់ពាក់ព័ន្ធគ្នាទៅវិញទៅមក។ លោកស្រីបានសន្យាថាហ្វីលីពីននឹងបន្តចូលរួមការពារសណ្ដាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ជាមូលដ្ឋាន និងការពារការប្រកាន់ខ្ជាប់របស់អាស៊ានចំពោះ គោលការណ៍អត់ធ្មត់ សន្ទនា និងគោរពច្បាប់អន្តរជាតិ។

ហ្វីលីពីនកាលពីពេលថ្មីៗនេះបានដឹកនាំកិច្ចប្រជុំមួយពាក់ព័ន្ធសង្រ្គាមស៊ីវិលនៅមីយ៉ាន់ម៉ា ដើម្បីសម្របសម្រួលឱ្យមានកិច្ចសន្ទនា និងជំនួយមនុស្សធម៌។ នៅក្នុងឆ្នាំ២០២៦ ទីក្រុងម៉ានីល ក៏មានគោលដៅសម្រេចឱ្យបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងផងដែរជាទីដែលការប៉ះទង្គិចគ្នាជាមួយចិនបានកើតឡើងជាញឹកញាប់ក្នុងពេល៣ឆ្នាំចុងក្រោយនេះ៕