
(ហ្វីលីពីន)៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩, នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានសម្តែងនូវសេចក្តីពេញចិត្តចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍នៅអាស៊ាន ជាមួយនឹងលទ្ធផលសំខាន់ៗមួយចំនួន មានជាអាទិ៍៖ ការដាក់ឱ្យដំណើរការផែនការទេសចរណ៍អាស៊ាន ២០២៦-២០៣០ និងផែនការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន ២០២៦-២០៣០, ការលើកកម្ពស់គុណភាពក្នុងវិស័យទេសចរណ៍, ការជំរុញទេសចរណ៍ឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍សម្រាប់សហគមន៍ ស្រ្តី និងយុវជន។

ជាមួយគ្នានេះ អង្គប្រជុំ បានកត់សម្គាល់អំពី កិច្ចសហប្រតិបត្តិការអនុតំបន់របស់ក្រុមការងារមន្រ្តីទេសចរណ៍ជាតិកម្ពុជា ឡាវ និងវៀតណាម និងការឯកភាពលើការតម្លើងកម្រិតនៃកិច្ចសហប្រតិបត្តិការនេះដល់កម្រិតរដ្ឋមន្រ្តី តាមរយៈការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម លើកទី១ នៅក្នុងឆ្នាំ២០២៦ ក្រោមចក្ខុវិស័យ «ប្រទេសបី គោលដៅតែមួយ»។
កិច្ចប្រជុំ បានកត់សម្គាល់ផងដែរអំពី ពិធីបុណ្យម្ហូបអាហារកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម និងសិក្ខាសាលាស្តីពីទេសចរណ៍ផ្លូវគោក និងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដែលបានរៀបចំឡើងនៅឆ្នាំ២០២៥ ក្នុងប្រទេសកម្ពុជា ហើយបានលើកទឹកចិត្តឱ្យបន្តការរៀបចំព្រឹត្តិការណ៍ទាំងនេះជាបន្តបន្ទាប់ ដើម្បីជំរុញលំហូរទេសចរណ៍ទាំងក្នុងតំបន់ និងអន្តរតំបន់ និងធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍តែមួយ។

បន្ថែមលើនេះ នាឱកាសនៃវេទិកាទេសចរណ៍អាស៊ាន ក៏មានការប្រគល់ពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន២០២៦ ចំនួន៩ប្រភេទ សរុប ២១១រង្វាន់, ក្នុងនោះកម្ពុជា ទទួលបានចំនួន ២៧រង្វាន់ផងដែរ។ សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី៣០ នឹងប្រព្រឹត្តទៅប្រទេសសិង្ហបុរី ក្នុងអំឡុងខែមករា ឆ្នាំ២០២៧៕


































