ក្រោយបង្កើនសម្ពាធ លោក ត្រាំ ថាឥឡូវអាមេរិកកំពុងជជែកអំពីកិច្ចព្រមព្រៀងជាមួយគុយបា

(វ៉ាស៉ីនតោន)៖ នាថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៉ីនតោន កំពុងចរចាកិច្ចព្រមព្រៀងមួយជាមួយថ្នាក់ដឹកនាំគុយបា បន្ទាប់ពីរូបលោកបានគំរាមធ្វើការបិទខ្ទប់ប្រេង ដើម្បីបង្កើនសម្ពាធលើ​ប្រទេសដែនកោះតំបន់ Caribbean មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «គុយបាគឺជាប្រទេសបរាជ័យមួយ និងជាយូរមកហើយ ប៉ុន្តែឥឡូវនេះ គុយបាលែងមានវ៉េណេស៊ុយអេឡា ដើម្បីជួយជ្រោមជ្រែងទៀតហើយ។ ហេតុដូច្នេះ យើងកំពុងជជែកជាមួយរដ្ឋាភិបាលគុយបា ដើម្បីមើលថាតើ ស្ថានការណ៍នឹងទៅជាយ៉ាងណា។ ខ្ញុំគិតថា យើងនឹងសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយគុយបា»។ យ៉ាងណាមិញ លោកប្រធានាធិបតីអាមេរិក មិនបានបញ្ជាក់លម្អិតជាងនេះទៀតទេ។

រដ្ឋបាលអាណត្តិទី២របស់លោក ត្រាំ បានបង្កើនសម្ពាធលើគុយបា ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីឆ្នេររដ្ឋ Florida ចាប់តាំងតែពី​ថ្ងៃទី៣ ខែមករា ជាពេលដែលយោធាអាមេរិក បានបើកប្រតិបត្តិការវាយប្រហារចាប់ខ្លួន ប្រធានាធិបតីវ៉េណេស៊ុយអេឡា​លោក Nicolas Maduro ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ទីក្រុងឡាហាវ៉ាន់ ហើយវ៉េណេស៊ុយអេឡា គឺជាប្រភពដ៏ចម្បងសម្រាប់​ការផ្គត់ផ្គង់ប្រេងទៅឱ្យគុយបា។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោក ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ ដែលគំរាមដំឡើងពន្ធគយបន្ថែម​ទៅលើបណ្តាប្រទេសឡាយណា ដែលលក់ប្រេងឱ្យគុយបា។ ត្រឹមតែមួយថ្ងៃក្រោយមក ប្រជាជនគុយបាត្រូវគេមើលឃើញនាំគ្នាទៅតម្រង់ជួរ នៅតាមស្ថានីយប្រេងឥន្ធនៈក្នុងរដ្ឋធានីឡាហាវ៉ាន់។ ភ្លាមៗក្រោយការចាប់ខ្លួន លោក Maduro លោក ត្រាំ ក៏បានព្រមានផងដែរឱ្យគុយបាព្រមចរចារកកិច្ចព្រមព្រៀងឱ្យបានឆាប់ៗ បើមិនចង់ប្រឈមមុខជាមួយផលវិបាកធ្ងន់ធ្ងរ៕