
ខេត្តព្រះសីហនុ៖ នៅក្នុងខែមករាឆ្នាំ 2026 កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រេចទទួលបានបរិមាណទំនិញឆ្លងកាត់កំពង់ផែជាង ១ លាន ២៦០តោន បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2025 មានកំណើនជាង 36%ក្នុងនោះបរិមាណទំនិញនាំចូលមាន ៨៨០ពាន់តោន និងបរិមាណទំនិញនាំចេញមានជាង៣៨០ពាន់តោន។

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា៖ ទោះបីប្រទេសជាតិយើង មានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ យ៉ាងណាក៏ដោយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងឆ្នាំ 2025 កន្លងទៅថ្មីៗនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅតែបានទទួលនាវាចូលចតចំនួន 1,775 គ្រឿង ដោយបាននាំមកជាមួយនូវបរិមាណទំនិញ ជា កុងតឺន័រ ជាង១លាន ៣៤៧ពាន់ ធីអុីយូ។
ក្នុងនោះមានបរិមាណទំនិញ ជា កុងតឺន័រនាំចូល 701.392 ធីអុីយូ និង បរិមាណទំនិញជា កុងតឺន័រ នាំចេញចំនួន 646.334 ធីអុីយូ។

ឯកឧត្តម ប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ ដោយតែងតែទទួលបាននូវការគាំទ្រ លើកទឹកចិត្តនិងការផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិង សម្ដេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះដល់ថ្នាក់ដឹកនាំ មន្ត្រី រាជការ ក្រោមឱវាទ កំពង់ផែ ឱ្យកាន់តែមានជំនះមោះមុត ក្នុងការរួមកម្លាំងគ្នា សម្រេចឱ្យបាននូវគោលដៅ ផែនការមេរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺការប្រែក្លាយពីប្រទេសមានការអភិវឌ្ឍតិចតួច
ទៅជាប្រទេសមានការអភិវឌ្ឍន៍មធ្យមនៅក្នុងឆ្នាំ 2030 និង ជាប្រទេសមានការអភិវឌ្ឍន៍ខ្ពស់នៅក្នុងឆ្នាំ 2050៕

















































