
កោះកុង÷ទូកដឹកទំនិញមួយគ្រឿងដឹកគ្រឿងសមុទ្រពីប្រទេសថៃមិនមានច្បាប់អនុញ្ញាត ដែលជាទំនិញខូចគុណភាពចូលមកកម្ពុជាក្នុងទឹកដីនៃខេត្តកោះកុង ត្រូវបានកម្លាំងបញ្ជាការដ្ឋានការពារកោះធ្នេរ(កោះយ៉)បង្ក្រាបចាប់បាននៅចំណុចមុខកោះយ៉ កាលពីវេលាម៉ោង ៦:០០នាទីល្ងាច ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រភេទទូកកន្ទុយវែង ដឹកសាច់(មឹកបង្កក) ប្រមាណជាងគីឡូក្រាម ប្រគល់ឲ្យជំនាញនិងរដ្ឋបាលខេត្ត ធ្វើការដុតកំទេចចោល ។
ជុំវិញសាច់បង្កកខាងលើ បើតាមការបញ្ជាក់ពីមន្ត្រី ក ប ប បានឱ្យដឹងថា ទំនិញនេះ មិនមានម្ចាស់ត្រឹមត្រូវនាំចូល នឹងមិនមានឯកសារបញ្ជាក់ពីគុណភាពពីប្រទេសនាំចូល ដូច្នេះ ទំនិញទាំងនេះចាត់ទុកជាទំនិញខុសច្បាប់។ តែបើមានច្បាប់ត្រឹមត្រូវ ត្រូវតែបង់ពន្ធស្ថាប័នគយ។

ដោយឡែក លោកហាក់ ឡេង អភិបាលរងខេត្ត បានឲ្យដឹងដែរថា ទូកដែលដឹកទំនិញខុសច្បាប់នេះ មានសាច់បង្កកខូចគុណភាព ចំនួន ២៨៩ កេស ក្នុងមួយកេះ មានចំនួន ១០គីឡូក្រាម សរុប មានចំនួន ២៨៩០ គីឡូ ស្មើរនឹង២តោន៨៩០គីឡូ និងធុងទឹកចំនួន ៣១ ធុង និងធុងខ្លះសេចំនួន ១ ។

លោកអភិបាលរងខេត្ត បានឲ្យដឹងទៀថា
ទូកដឹកទំនិញឆ្លងដែនខុសច្បាប់ពីប្រទេសថៃ ដែលខូចគុណភាព (ជាមឹកបង្កក)មិនមានការវេចខ្ចប់ត្រឹមត្រូវ ចំនួនជាង២ តោនខាងលើ ហើយក៏ត្រូវបានសមត្ថកិច្ចកម្លាំងបញ្ជាការដ្ឋានការពារកោះធ្នេរ(កោះយ៉) ចាប់បាននៅចំណុចមុខកោះយ៉ ចម្ងាយប្រហែល ២ គីឡូម៉ែតពីកោះយ៉ ដែលមាននិយាមការលេខ x: ១១៣៤.៩៨៩N, Y:១០២២៥. ២៩៦E និងមានមនុស្សចំនួនពីរនាក់ បានលោតទឹករត់គេចខ្លួនបាត់ បន្ទាប់ពីកម្លាំងសមត្ថកិច្ចអូសទូកមកជិតដល់ច្រាង។

គួរបញ្ជាក់ផងដែលថា ទំនិញខូចគុណភាពខាងលើ ត្រូវបានរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធយកទៅដុតកម្ទេចចោលអស់ហើយនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ដោយឡែកទូកដឹកបទល្មើសខាងលើ ត្រូវបានរដ្ឋបាលខេត្តប្រគល់ឱ្យកម្លាំងបញ្ជាការដ្ឋានការពារកោះធ្នេរ យកទៅរក្សាទុកជាបណ្ដោះអាសន្ន ។ ដោយ សេន ពិសិដ្ឋ






































