
កោះកុង÷ រយៈពេល ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ខេត្តកោះកុងទទួលស្វាគមន៍ភ្ញៀវទេសចរចូលមកទស្សនាកំសាន្ត ស្នាក់នៅ តាមតំបន់រមណីយដ្ឋាននានា ប្រមាណជាង ២ មុឺននាក់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ។
លោក គុណ ភក្តី ប្រធានការិយាល័យព័ត៌មានទេសចរណ៍ និងផ្សព្វផ្សាយទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម រយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ចំនួនភ្ញៀវទេសចរជាតិ-បរទេស មកស្នាក់នៅ និងកម្សាន្តតាមតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្ត ចំនួនសរុប ២១,៩៤៦ នាក់ កើនឡើងចំនួន ៣១៨ នាក់ ស្មើនឹង ១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៥។

ក្នុងនោះភ្ញៀវជាតិចំនួន ២១,៣៥៥ នាក់ កើនឡើងចំនួន ៥៤២ នាក់ ស្មើនឹង ២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។
ដោយឡែកភ្ញៀវបរទេសចំនួន ៥៩១នាក់ ថយចុះ ១២៤ នាក់ ស្មើនឹង ២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។
លោក សាគុណ ភក្តី បានឱ្យដឹងទៀតថាមូលហេតុនៃការកើនឡើងភ្ញៀវទេសចរ៖
ទី១- អាកាសធាតុអំណោយផលល្អ
ទី២- ផ្លូវជាតិលេខ១០ និងលេខ៤៨ បានសម្រេចការសាងសង់បាន១០០% បានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ៕ ដោយ សេន ពិសិដ្ឋ




































