បងប្អូនអាជីករ ឃុំសំរ៉ោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បន្តយកអំណោយជាបន្លែ ត្រី សាច់ ចែកជូនកងទ័ពជួរមុខ ទិសទី១ ប្រាសាទព្រះវិហារ ជាលើកទី៨

នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បងប្អូនអាជីករ រស់នៅឃុំសំរ៉ោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានស្រុះស្រួលមូលមតិ និងរួបរួមសាមគ្គីគ្នា នាំយកអំណោយជាច្រើនមុខ រួមមាន បន្លែស្រស់ ត្រី សាច់ និងទឹកសុទ្ធ មកចែកជូនដល់វីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅទិសទី១ តំបន់ប្រាសាទព្រះវិហារ។

សកម្មភាពសប្បុរសធម៌នេះ គឺជាការបង្ហាញពីទឹកចិត្តស្រឡាញ់ជាតិ និងការគាំទ្រយ៉ាងមុតមាំរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីករ ចំពោះវីរៈកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងបេសកកម្មការពារអធិបតេយ្យភាព និងសន្តិសុខជាតិ។

គួរបញ្ជាក់ថា ការនាំយកអំណោយមកចែកជូនកងទ័ពជួរមុខលើកនេះ គឺជាលើកទី៨ ហើយ ដែលបងប្អូនអាជីករ ឃុំសំរ៉ោង ស្រុកសូទ្រនិគម បានរៀបចំឡើង ដោយបន្តរក្សាប្រពៃណីសាមគ្គីភាព និងការចូលរួមគាំទ្រកងកម្លាំងប្រដាប់អាវុធជាប្រចាំ។

សកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាពរវាងប្រជាពលរដ្ឋ និងកងទ័ព ដែលជាកម្លាំងស្នូលក្នុងការការពារប្រទេសជាតិ និងរក្សាសុខសន្តិភាពឲ្យបានគង់វង្សយូរអង្វែង៕