
ខេត្តស្ទឹងត្រែង៖ អាជ្ញាធរ និងសមត្ថកិច្ចខេត្តស្ទឹងត្រែងបានសម្តែងការហួសចិត្តយ៉ាងខ្លាំង ក្រោយ
ពីបានបើកការស៊ើបអង្កេតយ៉ាងក្តៅគគុកលើករណី ចោរប្លន់ប្រដាប់អាវុធ មួយ ប៉ុន្តែចុងក្រោយបែរជាសាច់រឿងដែលប្រឌិតឡើងទាំងស្រុង ដើម្បីបិទបាំងកំហុសដែលយកទ្រព្យសម្បត្តិទៅជួយគ្រួសារ។
ទាក់ទងករណីនេះ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ
២០២៦ កន្លងទៅនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ “Bong Leang” ដែលបានបង្ហោះសារថា” លោកចោរចូលប្លន់ដល់ក្នុងបន្ទប់ចំរិតយកលុយ ដោយអាវុធកាំភ្លើងខ្លីមួយដើមអស់លុយពីផ្ទះសឹងតែមិនមាន លុយមួយរៀលនៅហ្នឹងខ្លួនទេមិនទាន់បានបីថ្ងៃផងឥឡូវកូនឈឺ ចូលពេទ្យទៀតខេត្តស្ទឹងត្រែងឡវចោរចាប់ផ្តើមមានចោរប្លន់ ហើយសូមបងប្អូនអាជីវករលក់ដូរនាៗសូមមានការប្រុងប្រយត្ន័ ទាំងអស់គ្នាលុយពីបាក់រកណាស់វាមកប្លន់យើងតែបួនដប់នាទី មួយភ្លែតគឺអស់ហើយសូមប្រុងប្រយត្ន័អ្នកខេត្តស្ទឹងត្រែងយើង”។

ក្រោយការស្រាវជ្រាវយ៉ាងដិតដល់ពីមន្ត្រីកងរាជអាវុធហត្ថ ស្ត្រីជាភរិយាឈ្មោះ ហាក់ គឹមមួយ អាយុ ២៥ ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានរៀបចំប្រឌិតសាច់រឿងនេះឡើងដើម្បីភូតកុហកស្វាមី។ទ្រព្យសម្បត្តិដែលនាងប្រាប់ប្តីថាបាត់បង់រួមមាន៖ មាស ១ តម្លឹង៣ ជី គ្រឿងអលង្កាប្លាទីនតម្លៃប្រមាណ៣ លានរៀល លុយចំនួន ៧លានរៀល។មាស និងលុយទាំងនោះទៅ ជួយបងស្រីបង្កើតដែលជាមេម៉ាយកូន ៤ នាក់ ដើម្បីបើកមុខរបរ។ ផ្ញើទៅព្យាបាលឪពុកម្តាយដែលមានជំងឺចាស់ជរានៅប្រទេសវៀត
ណាម។ ដោយសារខ្លាចប្តីស្តីបន្ទោសទើបសម្រេច ចិត្តបង្កើតរឿងចោរប្លន់នេះឡើងតែម្តង។

ជាគោលការណ៍ច្បាប់ មាត្រា ៥២៤៖ ការប្ដឹងភូតកុហកដល់អាជ្ញាធរមានសមត្ថកិច្ច ឬអាជ្ញាធរតុលាការ នាំឱ្យមានការស៊ើបអង្កេតឥតប្រយោជន៍។ទោសកំហុស៖ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី ១០០,០០០ (មួយសែន) រៀល ដល់ ១,០០០,០០០ (មួយលានរៀល)។ទោះជា
យ៉ាងណា ដោយមានការយោគយល់ និងសណ្ដោះប្រណីពីលោក សរ សុពុត្រា អភិបាល
ខេត្ត លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អាជ្ញាធរបានសម្រេចមិនកសាងសំណុំរឿងបញ្ជូនទៅតុលាការឡើយ ដោយយល់ឃើញថាគាត់ធ្វើឡើងដោយខ្វះការពិចារណា និងមានបញ្ហាជីវភាពគ្រួសារ។ សមត្ថកិច្ចគ្រាន់តែធ្វើការអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្ម
ភាពបែបនេះតទៅទៀត។

អង្គភាពកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ កុំប្រឌិតរឿងរ៉ាវក្លែងក្លាយដែលបង្កឱ្យមានការភ័យខ្លាចក្នុងសង្គម។ ប្រសិនបើមានបទល្មើសពិតប្រាកដ សូមរាយការណ៍មកសមត្ថកិច្ចភ្លាមៗ ដើម្បីចាត់វិធានការតាមច្បាប់៕ ដោយ សុវណ្ណា ខេងឃៀង

































