
ខេត្តព្រះវិហារ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ តំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់និម្មិត ដែលស្ថិតនៅជាប់ព្រំដែនប្រទេសឡាវ ក្នុងភូមិសាស្ត្រ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានគេកត់សម្គាល់ថា ចំនួនភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទៅកម្សាន្តមានការថយចុះយ៉ាងគួរឲ្យកត់សម្គាល់ បើប្រៀបធៀបនឹងរយៈពេលកន្លងមក។
តាមការឲ្យដឹងពីប្រជាពលរដ្ឋ និងអ្នកលក់ដូរនៅតំបន់នោះ បានបញ្ជាក់ថា ជាទូទៅភ្ញៀវភាគច្រើនធ្វើដំណើរទៅលេងដោយប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ឬក៏ជាក្រុមគ្រួសារ ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ ចំនួនរថយន្តដែលចូលទៅកម្សាន្តនៅតំបន់ទឹកធ្លាក់និម្មិត ហាក់មានការថយចុះយ៉ាងច្រើន។ មូលហេតុសំខាន់មួយ ត្រូវបានគេមើលឃើញថា បណ្តាលមកពី តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតឡើងថ្លៃ ដែលធ្វើឲ្យការធ្វើដំណើរទេសចរណ៍មានចំណាយខ្ពស់ជាងមុន។ឮ

អ្នកលក់ម្ហូបអាហារ និងភេសជ្ជៈនៅជុំវិញតំបន់ទេសចរណ៍ បានបង្ហាញការព្រួយបារម្ភថា ការថយចុះនៃភ្ញៀវទេសចរណ៍ បានប៉ះពាល់ដោយផ្ទាល់ដល់ប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគេ។ ពួកគេបានបញ្ជាក់ថា នៅថ្ងៃចុងសប្តាហ៍មុនៗ តំបន់នេះធ្លាប់មានរថយន្ត និងភ្ញៀវច្រើនណាស់ ប៉ុន្តែបច្ចុប្បន្ន បរិយាកាសហាក់ស្ងប់ស្ងាត់ជាងមុន។
គួរបញ្ជាក់ថា ទឹកធ្លាក់និម្មិត គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយដ៏ស្រស់ស្អាត ដែលមានព្រៃភ្នំ ទឹកធ្លាក់ និងទេសភាពធម្មជាតិទាក់ទាញភ្ញៀវទេសចរណ៍ពីបណ្តាខេត្តផ្សេងៗ និងអ្នកស្រលាញ់ធម្មជាតិ។ ជាពិសេស នៅរដូវដែលមានទឹកច្រើន ទេសភាពនៃទឹកធ្លាក់ហូរចុះពីជ្រោះភ្នំ បង្កើតបានជាទស្សនីយភាពដ៏ស្រស់បំព្រង។

យ៉ាងណាមិញ ប្រជាពលរដ្ឋក្នុងតំបន់ និងអ្នកប្រកបអាជីវកម្មទេសចរណ៍ ក៏សង្ឃឹមថា នៅពេលខាងមុខ ប្រសិនបើតម្លៃប្រេងសាំងមានស្ថេរភាព ឬថយចុះវិញ នឹងអាចជួយឲ្យភ្ញៀវទេសចរណ៍ត្រឡប់មកកម្សាន្តកាន់តែច្រើន ដូចដើមវិញ ដែលនឹងជួយលើកស្ទួយសេដ្ឋកិច្ចក្នុងសហគមន៍ និងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តព្រះវិហារឲ្យកាន់តែរីកចម្រើន៕ អត្ថបទចេញផ្សាយដោយលោក សួន ពិសិដ្ឋ
































