លោកស្រីបណ្ឌិត ជា សិរី៖ ស្ត្រីមិនត្រឹមតែជាកម្លាំងសំខាន់ ក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូដ៏មានតម្លៃក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម, សូមលើកទឹកចិត្តឱ្យស្ត្រី និងបុរសមានសិទ្ធិ និងឱកាសទទួលបានការអប់រំ ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងការចូលរួមគ្រប់វិស័យ

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា ស្ត្រីមិនត្រឹមតែជាកម្លាំងសំខាន់ ក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូដ៏មានតម្លៃក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងស្ថាប័នផងដែរ ដោយសារស្ត្រីមានភាពអត់ធ្មត់ ប្រាជ្ញាស្មារតីទទួលខុសត្រូវខ្ពស់ ដែលជាគុណតម្លៃដ៏សំខាន់ក្នុងការថែរក្សាសុខសន្តិភាព ក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។

លោកស្រីបណ្ដិត ជា សិរី បានថ្លែងឲ្យដឹងថា​ ធនាគារជាតិនៃកម្ពុជាតែងតែរៀបចំ ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ នៃទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០២៦ សម្រាប់មន្រ្តី បុគ្គលិករបស់ធនាគារជាតិនៃកម្ពុជា។ ការប្រារព្ធពិធីខួបអនុស្សាវរីយ៍នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្ដល់ឱកាសឱ្យមន្រ្តីបុគ្គលិកយើងទាំងអស់ បានជួបជុំសំណេះសំណាលគ្នា ក៏ដូចជាចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ព្រមទាំងលើកកម្ពស់ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកជានារីនៅធនាគារជាតិនៃកម្ពុជា ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង អភិវឌ្ឍ និងលើកកម្ពស់វិស័យធនាគារ និងសង្គមជាតិកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោកស្រីបណ្ដិតបានថ្លែងបន្ថែមថា ឆ្នាំនេះធនាគារជាតិប្រារព្ធទិវានេះ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ក្នុងគោលបំណងរំលេចពីសារៈសំខាន់ មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ដែលជាបុរេលក្ខខណ្ឌដ៏ចម្បងនាំឱ្យស្រ្តី និងក្រុមគ្រួសារទទួលបានការរស់នៅជួបជុំប្រកបដោយសុភមង្គល សុខដុមរមនា សុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលជាកត្តាជំរុញដល់ការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តីក្នុងការកសាង ថែរក្សា និងការពារសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាព។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា «ខ្ញុំសូមលើកទឹកចិត្តឱ្យស្ត្រី និងបុរសមានសិទ្ធិនិងឱកាសស្មើគ្នាក្នុងការទទួលបាននូវការអប់រំ ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងការចូលរួមគ្រប់វិស័យ។ ជាក់ស្តែង ស្ត្រីមិនត្រឹមតែជាកម្លាំងសំខាន់ក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូដ៏មានតម្លៃក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងស្ថាប័នផងដែរ ដោយសារស្ត្រីមានភាពអត់ធ្មត់ ប្រាជ្ញាស្មារតីទទួលខុសត្រូវខ្ពស់ ដែលជាគុណតម្លៃដ៏សំខាន់ក្នុងការថែរក្សាសុខសន្តិភាពក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល»

លោកស្រីបណ្ឌិតបន្ថែមថា ស្របតាមទិសដៅនេះ ធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់លើការលើកកម្ពស់ស្ត្រី និងសមភាពយេនឌ័រ ទាំងក្នុងក្របខ័ណ្ឌស្ថាប័ន និងក្នុងការគាំទ្រការអភិវឌ្ឍសង្គមជាតិ។ ជាក់ស្តែងធនាគារជាតិនៃកម្ពុជា ជានិច្ចកាលតែងតែសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការគាំទ្រ និងបង្កើតកម្មវិធីនានាសម្រាប់លើកកម្ពស់ស្រ្តី និងការពង្រឹងឱកាសឱ្យស្ត្រីអាចទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ព្រមទាំងរួមចំណែកជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។រងារនេះមិនត្រឹមតែជួយពង្រឹងសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយលើកកម្ពស់ស្ថិរភាព និងភាពធន់របស់សង្គមផងដែរ។

លោកស្រីបណ្ឌិតបានបន្ថែមថា ទន្ទឹមនេះយុទ្ធសាស្រ្តជាតិស្ដីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ត្រូវបានដាក់ចេញ ដោយផ្តោតលើការលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ ការបញ្ចូលអក្ខរកម្មហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាទូទៅ និងការលើកទឹកចិត្តឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលជាដើម។

ជាមួយគ្នានេះគិតត្រឹមខែមករា ឆ្នាំ២០២៦ ចំនួនអ្នកខ្ចីពីគ្រឹះស្ថានធនាគារ មានប្រមាណ ៥៣.៧% ជាស្រ្តី និងចំនួនអ្នកខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានប្រមាណ ៥៨.៦% ជាស្រ្តី ខណៈចំនួនអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារមានប្រមាណ ៥១.២% ជាស្រ្តី និងចំនួនអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន ៦៣.៩% ជាស្រ្តី។ ទាំងនេះ បង្ហាញពីសមាមាត្រដែលស្រ្តីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរស៕