ក្រុមប្រទេសអារ៉ាប់តំបន់ឈូងសមុទ្រ បន្តស្ថិតក្រោមការវាយប្រហារ ស្របពេលសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ឆ្លងចូលសប្តាហ៍ទី២

(មជ្ឈិមបូព៌ា)៖ នាថ្ងៃអាទិត្យ ទី៨ ខែមីនា ក្រុមប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រ បានបន្តរាយការណ៍ពីការវាយប្រហារដោយដ្រូននិងមីស៉ីល ស្របពេលដែលសង្រ្គាមមជ្ឈិមបូព៌ាឆ្លងចូលដល់សប្តាហ៍ទី២ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អារ៉ាប៊ីសាអូឌីត កាតា និងគុយវ៉ែត សុទ្ធតែបានរាយការណ៍ពីការវាយប្រហារថ្មីៗនាថ្ងៃអាទិត្យនេះ។ កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអ៉ីរ៉ង់ បានចេញមុខសុំទោសក្រុមប្រទេសតំបន់ឈូងសមុទ្រ សម្រាប់ការវាយប្រហារប៉ុន្មានថ្ងៃមកនេះ ហើយលោកបានសន្យាថា ពួកគេនឹងមិនត្រូវបានកំណត់គោលដៅតទៀតឡើយ លុះត្រាតែមានការវាយប្រហារចេញពីទឹកដីរបស់ពួកគេមុន។ ប៉ុន្តែត្រឹមប៉ុន្មានម៉ោងក្រោយ ថ្នាក់ដឹកនាំជាន់ខ្ពស់អ៉ីរ៉ង់មួយរូបទៀត ក៏បានប្រកាសវិញថា ការវាយប្រហារនឹងនៅតែបន្តលើទីតាំងនៅតាម​ប្រទេសឈូងសមុទ្រ ដែលជាកន្លែងប្រើប្រាស់ដោយសត្រូវរបស់អ៉ីរ៉ង់។

គួរបញ្ជាក់ថា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានប្រកាសថា ប្រទេសអ៉ីរ៉ង់ត្រៀមលក្ខណៈជាស្រេច ដើម្បីបន្តធ្វើសង្រ្គាមយ៉ាងហោច៦ខែ ខណៈនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានព្រមានថា អ៉ីស្រាអែលនិងអាមេរិក នៅមានរបស់ភ្ញាក់ផ្អើលជាច្រើនទៀត ត្រៀមទុកសម្រាប់អ៉ីរ៉ង់៕