
ខេត្តព្រះវិហារ៖ គិតត្រឹមរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ខេត្តព្រះវិហារ មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈសរុបចំនួន ២០៩កន្លែង នៅទូទាំងខេត្ត។ ក្នុងនោះមាន ៧៩ស្ថានីយ និងដេប៉ូ បានបន្តបិទដំណើរការ ស្មើប្រមាណ ៣៨ភាគរយ នៃចំនួនសរុប។
តាមការបញ្ជាក់ពីមន្ត្រីជំនាញ មូលហេតុចម្បងដែលបណ្តាលឲ្យស្ថានីយ និងដេប៉ូមួយចំនួនបិទដំណើរការ គឺដោយសារ អស់ស្តុកប្រេងឥន្ធនៈ។ ដេប៉ូមួយចំនួនកំពុងបញ្ជាទិញស្តុកថ្មី ខណៈដែលខ្លះទៀតបានផ្អាកដំណើរការបណ្តោះអាសន្ន ដោយសារតម្លៃប្រេងឥន្ធនៈមានការកើនឡើងប្រមាណ ៣៦ភាគរយ បើប្រៀបធៀបទៅនឹងតម្លៃចាស់។

ដោយឡែក តម្លៃលក់រាយប្រេងឥន្ធនៈជាក់ស្តែង នៅតាមទីតាំងផ្សេងៗ មានដូចខាងក្រោម៖
នៅតាមស្ថានីយ៍ស្តង់ដារ៖
សាំងធម្មតា និងម៉ាស៊ូត តម្លៃ ៣,៨៥០ រៀល ក្នុងមួយលីត្រ (រក្សាតម្លៃថេរ មិនមានការប្រែប្រួល)។
នៅតាមដេប៉ូ៖
សាំងធម្មតា និងម៉ាស៊ូត តម្លៃចន្លោះពី ៤,៥០០ ដល់ ៥,០០០ រៀល ក្នុងមួយលីត្រ។
នៅតាមដេប៉ូមួយចំនួនក្នុងតាមបណ្តាស្រុក តម្លៃអាចឡើងដល់ ៥,០០០ ដល់ ៥,៥០០ រៀល ក្នុងមួយលីត្រ។
ការលក់តាមផ្ទះ (ច្រកដប)៖
សាំងធម្មតា និងម៉ាស៊ូត មានតម្លៃចន្លោះពី ៥,៥០០ ដល់ ៦,០០០ រៀល ក្នុងមួយលីត្រ។

មន្ត្រីជំនាញបានឲ្យដឹងថា បច្ចុប្បន្នមាន ដេប៉ូមួយចំនួនលក់លើសតម្លៃដែលបានកំណត់ដោយក្រសួងពាណិជ្ជកម្ម ដោយសារតម្លៃប្រេងដែលពួកគេបញ្ជាទិញចូលថ្មីមានតម្លៃខ្ពស់។ ប្រសិនបើលក់តាមតម្លៃកំណត់របស់ក្រសួង អាចបណ្តាលឲ្យពួកគេខាតបង់ ខណៈបើបិទដំណើរការទាំងស្រុង ក៏អាចធ្វើឲ្យប្រជាពលរដ្ឋប្រឈមការលំបាកក្នុងការប្រើប្រាស់ប្រេងឥន្ធនៈផងដែរ។
យ៉ាងណាក៏ដោយ មន្ត្រីជំនាញបានបញ្ជាក់ថា ក្រុមការងារនឹង បន្តចុះត្រួតពិនិត្យតាមបណ្តាស្រុកនានា ដើម្បីតាមដានស្ថានភាពតម្លៃ និងការអនុវត្តតាមកិច្ចសន្យាជាមួយក្រសួង។
ជុំវិញបញ្ហានេះ លោក ស៊ុន ច័ន្ទរក្សា ប្រធានមន្ទីរ រ៉ែនិងថាមពល មិនបានធ្វើអត្ថាធិប្បាយទេ ដោយសារលោកកំពុងជាប់បេសកកម្ម៕ អត្ថបទចេញផ្សាយ ដោយលោក សួន ពិសិត




































