កម្ពុជា-សិង្ហបុរី ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងគុណភាពប្រព័ន្ធ TVET និងបើកឱកាសការងារដល់ពលករកម្ពុជានាពេលអនាគត

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Suresh Natarajan នាយកប្រតិបត្តិនៃវិទ្យាស្ថាន ITE Education Services (ITEES) នៅប្រទេសសិង្ហបុរី នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

នាឱកាសនោះដែរ ភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)» ដើម្បីពង្រីកកិច្ចសហការក្នុងការលើកកម្ពស់ស្តង់ដាបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែមានគុណភាពពេញលេញ ក្នុងការឆ្លើយតបទៅនឹងតម្រូវការផ្លាស់ប្តូរឧស្សាហកម្ម និងការប្រកួតប្រជែងជាសកល។

ការចុះកិច្ចព្រមព្រៀងនេះ គឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍប្រព័ន្ធ TVET ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ភាពជាអ្នកដឹកនាំ សមត្ថភាព ការសិក្សាអប់រំ និងគុណភាព TVET ក៏ដូចជាការផ្តល់អាជ្ញាបណ្ណ និងវិញ្ញាបនបត្រ TVETជាដើម ដើម្បីធានាថា យុវជនកម្ពុជាដែលបញ្ចប់ការសិក្សានឹងមានជំនាញពិតប្រាកដ និងសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ជាពិសេស គឺឱកាសការងារនៅសិង្ហបុរី។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីមានប្រសាសន៍ថា MoU នេះកើតចេញពីលទ្ធផលនៃកិច្ចប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងក្រសួង និង ITEES ដោយមានការគាំទ្រយ៉ាងរឹងមាំពីស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា និងផ្អែកលើមិត្តភាពយូរអង្វែងនៃប្រទេសទាំងពីរ ដោយលោកបានសម្តែងមោទកភាព ដែល ITEES បានសម្រេចជ្រើសរើសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជា«ដៃគូ» ក្នុងវិស័យជំនាញ និងសេវាអប់រំដ៏មានសារៈសំខាន់នេះ ដែលនឹងជួយលើកកម្ពស់វិស័យ TVET និងការអភិវឌ្ឍជំនាញនៅកម្ពុជាឲ្យឈានឡើងកម្រិតខ្ពស់ថែមទៀត។

លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយបើកចំហ ចំពោះអ្នកផ្តល់សេវាអប់រំបរទេស ដែលមិនត្រឹមតែសិង្ហបុរីប៉ុណ្ណោះទេ ប៉ុន្តែក្នុងពេលថ្មីៗនេះ កម្ពុជាក៏បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលីជាដើម។ ភាពជាដៃគូជាថ្មីនេះនឹងបន្តរួមចំណែកដល់ការបំប្លែងប្រព័ន្ធ TVET កម្ពុជា និងគាំទ្រចក្ខុវិស័យរួមគ្នា ក្នុងការអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ មានផលិតភាព និងមានសមត្ថភាពប្រកួតប្រជែង តាមរយៈ ITEES ដែលត្រូវបានស្គាល់ជាសកលសម្រាប់ប្រព័ន្ធ TVET ដ៏រឹងមាំ និងមានភាពធន់។

ជាមួយនឹងការបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តទៅតាមស្មារតីនៃ MoU នេះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ITEES សម្រាប់ការគាំទ្រដោយឥតងាករេក្នុងការបន្តកិច្ចសហការ ព្រមទាំងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា សម្រាប់ការគាំទ្រយ៉ាងរឹងមាំនាពេលកន្លងមក ដោយលោកជឿជាក់ថា មរតកនៃកិច្ចសហប្រតិបត្តិការនេះនឹងត្រូវបានពង្រឹងបន្ថែមទៀត។

ទន្ទឹមនឹងនោះ លោក Suresh Natarajan បានលើកឡើងថា វាជាកិត្តិយស និងមោទនភាពសម្រាប់ ITEES ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងនាពេលកន្លងមក។ លោកបានបង្ហាញក្តីសេចក្តីរីករាយយ៉ាងក្រៃលេង ដែលអាចបន្ត MoU ថ្មីនេះ ដែលធានាថា វានឹងបង្កើតឱកាសចំពេល និងលើកកម្ពស់កម្រិតជំនាញសមស្រប ដើម្បីបង្កើតឱកាសឲ្យប្រជាពលរដ្ឋកម្ពុជាមួយចំនួនទទួលបានការងារនៅសិង្ហបុរីផងដែរ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តលើ ITEES ក្នុងកិច្ចខិតខំនាំឱ្យមានកម្មវិធីដ៏មានសារៈសំខាន់នេះ ឡើង ហើយ ITEES នៅតែប្តេជ្ញាចិត្តគាំទ្រចក្ខុវិស័យកម្ពុជា ក្នុងការអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ សមត្ថភាពបត់បែន និងត្រៀមខ្លួនសម្រាប់អនាគត។

ភាគីទាំងពីរក៏បានពិភាក្សាគ្នាប្រកបដោយភាពស្និទ្ធស្នាល ដើម្បីស្វែងយល់ពីស្ថានភាពទីផ្សារការងារទៅវិញទៅមក ដោយលោករដ្ឋមន្រ្តី ក៏មានបំណងបង្កើតឱ្យមានផ្លាស់ប្តូរកម្មវិធីសិក្សាជំនាញអនុវត្តការងារនៅកន្លែងធ្វើការផ្ទាល់ និងការពង្រីកកិច្ចសន្យាការងារដល់ពលករខ្មែររហូតដល់៣ឆ្នាំផងដែរ។

សូមបញ្ជាក់ថា ITEES បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលមន្ត្រី និងគ្រូបង្គោលកម្ពុជាបានជាង ៦ ០០០នាក់រួចមកហើយ ដែលគាំទ្រដល់ការពង្រឹងគុណភាពបណ្តុះបណ្តាល ការពង្រឹងការគ្រប់គ្រងស្ថាប័ន ឧត្តមភាពនៃការបង្រៀន និងការលើកកម្ពស់ភាពទាក់ទាញកម្លាំងពលកម្ម ក្នុងការរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់៕