
ខេត្តកំពង់ធំ៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ស្តីពីការអនុវត្តគោលនយោបាយ “ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព” នៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។
កិច្ចប្រជុំនេះមានគោលបំណងវាយតម្លៃសមិទ្ធផលការងារ កំណត់បញ្ហាប្រឈម និងដាក់ចេញទិសដៅការងារបន្ត ដើម្បីបន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុត សំអន បានគូសបញ្ជាក់ថា គោលនយោបាយ “ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព” គឺជាគោលនយោបាយស្នូលមួយរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការធានាសុវត្ថិភាពប្រជាពលរដ្ឋ ការកាត់បន្ថយបទល្មើស និងការលើកកម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព។

លទ្ធផលការងារត្រីមាសទី១ បង្ហាញថា អាជ្ញាធរមូលដ្ឋានបានអនុវត្តវិធានការបង្ការ និងបង្ក្រាបបទល្មើសបានយ៉ាងសកម្ម រួមមានការបង្ក្រាបគ្រឿងញៀន ការកាត់បន្ថយបទល្មើសព្រហ្មទណ្ឌ និងការពង្រឹងសណ្ដាប់ធ្នាប់ចរាចរណ៍។ ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋក្នុងការថែរក្សាសន្តិសុខនៅសហគមន៍ផងដែរ។
យ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដូចជាបទល្មើសខ្លះនៅតែបន្តកើតមាន ការចូលរួមពីសហគមន៍នៅខ្លះនៅមានកម្រិត និងតម្រូវឲ្យមានការពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋានបន្ថែម។
ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាព អាជ្ញាធរទាំងអស់ត្រូវបានណែនាំឲ្យបន្តពង្រឹងកិច្ចសហការ ជំរុញការចូលរួមសហគមន៍ និងបង្កើនការផ្សព្វផ្សាយច្បាប់ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ៕ដោយ លោក សឿង សុទ្ធ












































