រដ្ឋបាលស្រុកមណ្ឌលសីមា បើកពិធីបុកគ្រឹះសាងសង់អគារមណ្ឌលសុខភាពប៉ាក់ខ្លង ដើម្បីលើកកម្ពស់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ


ខេត្តកោះកុង៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ នាទីព្រឹក រដ្ឋបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង បានរៀបចំពិធីសែនក្រុង និងបុកគ្រឹះសាងសង់អគារមណ្ឌលសុខភាពប៉ាក់ខ្លង ដែលស្ថិតនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានដឹកនាំដោយ លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា ដោយមានការចូលរួមពីមន្ត្រីរាជការ ក្រោមឱវាទ តំណាងអាជ្ញាធរឃុំទាំងបី និងភាគីពាក់ព័ន្ធជាច្រើន។ ជាមួយគ្នានេះផងដែរ ក៏មានវត្តមានរបស់លោក ឡោ សាវឿន អនុប្រធានការិយាល័យស្រុកប្រតិបត្តិស្មាច់មានជ័យ ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះផងដែរ។


គម្រោងសាងសង់អគារមណ្ឌលសុខភាពប៉ាក់ខ្លង គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅតំបន់ជនបទ ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលមានគុណភាព ប្រកបដោយប្រសិទ្ធភាព និងមានភាពសមរម្យជិតស្និទ្ធជាងមុន។
ក្នុងឱកាសនោះ លោក សុខ ភិរម្យ បានមានប្រសាសន៍ថា ការសាងសង់មណ្ឌលសុខភាពថ្មីនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាល ព្រមទាំងជួយលើកកម្ពស់សុខុមាលភាពសាធារណៈ និងការពារសុខភាពសហគមន៍ឲ្យកាន់តែប្រសើរឡើង។


គម្រោងនេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន និងការសហការយ៉ាងជិតស្និទ្ធរវាងអង្គភាពពាក់ព័ន្ធ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋនៅតំបន់ឆ្ងាយដាច់ស្រយាល។
ពិធីសែនក្រុង និងបុកគ្រឹះនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសអធិកអធម ស្មោះត្រង់ និងពោរពេញដោយសេចក្តីសង្ឃឹមថា អគារមណ្ឌលសុខភាពប៉ាក់ខ្លងនឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍវិស័យសុខាភិបាល និងការរស់នៅល្អប្រសើររបស់ប្រជាពលរដ្ឋក្នុងតំបន់នាពេលអនាគត៕ដោយ កៅ វង