
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ បរិវេណរង្វង់មូលស្លាកក្លឹបឆ្នេរសមុទ្រកម្ពុជា ក្បែរឆ្នេរអូរឈើទាល បានប្រែឈ្នះទៅជាទីតាំងដ៏មានភាពរស់រវើក និងពោរពេញដោយស្នាមញញឹម ក្នុងព្រឹត្តិការណ៍វប្បធម៌ដ៏ធំប្រចាំខេត្ត ក្រោមប្រធានបទ «ស្នាមញញឹម និងសេចក្តីសង្ឃឹមនៃខេត្តព្រះសីហនុ»។
ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមយ៉ាងកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យនៃការរួមបញ្ចូលគ្នារវាងសិល្បៈ វប្បធម៌ និងការកម្សាន្តតាមបែបទំនើប។

ប្អូនប្រុស ស៊ិន សុគីម ជាសិស្សរៀនថ្នាក់ទី ១២ នៃវិទ្យាល័យក្រុងព្រះសីហនុ បានឲ្យដឹងថា៖ ចំណុចលេចធ្លោនៃព្រឹត្តិការណ៍
ទីតាំងយុទ្ធសាស្ត្រទេសចរណ៍ ការរៀបចំនៅបរិវេណរង្វង់មូលស្លាកក្លឹបឆ្នេរសមុទ្រកម្ពុជា ដែលជាតំណាងឱ្យសមាជិកភាពឆ្នេរស្អាតបំផុតលើសកលលោក បានបង្ហាញពីសក្តានុពលទេសចរណ៍ដ៏រឹងមាំរបស់ខេត្តព្រះសីហនុ។
ការបង្ហាញអត្តសញ្ញាណវប្បធម៌៖ តាមរយៈកម្មវិធីនេះ ស្នាមញញឹមរបស់ប្រជាពលរដ្ឋបានក្លាយជាសារមួយផ្ញើទៅកាន់ពិភពលោកអំពីភាពកក់ក្តៅ ការសប្បាយរីករាយ និងក្តីសង្ឃឹមថ្មីៗសម្រាប់ការអភិវឌ្ឍខេត្តតំបន់ឆ្នេរមួយនេះ។
ប្អូនប្រុសបានបន្តថា៖ការអបអរសាទរមុនបុណ្យចូលឆ្នាំថ្មី ព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយនៃការកម្ដៅសាច់ដុំ បង្កើតបរិយាកាសសប្បាយរីករាយ ត្រៀមទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ។

សារៈសំខាន់នៃការផ្សព្វផ្សាយ
«ស្នាមញញឹម និងសេចក្តីសង្ឃឹមនៃខេត្តព្រះសីហនុ» មិនត្រឹមតែជាការជួបជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពដែលបង្ហាញពីសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា។ រូបភាពនៃហ្វូងមនុស្សចូលរួមយ៉ាងសប្បាយរីករាយនៅឆ្នេរអូរឈើទាល គឺជាការផ្សព្វផ្សាយដ៏ល្អបំផុតទៅកាន់ពិភពលោកថា ខេត្តព្រះសីហនុគឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពរាក់ទាក់ និងសក្ដានុពលមិនចេះរីងស្ងួត។
ទិដ្ឋភាពដ៏រស់រវើកនេះ បានបង្ហាញថា ខេត្តព្រះសីហនុពិតជា «តារារះនាទិសនិរតី» ដែលកំពុងបញ្ចេញពន្លឺកាន់តែខ្លាំងឡើង ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងវប្បធម៌ទេសចរណ៍៕ ដោយលោក រ៉ី នោរៀ





































