
ខេត្តព្រះសីហនុ ៖ ក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យឯកជន ក៏ដូចជាជំរុញសកម្មភាពពាណិជ្ជកម្មតាមសមុទ្ររបស់កម្ពុជា គណៈប្រតិភូជាន់ខ្ពស់នៃសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដឹកនាំដោយ លោកឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្ម បានអញ្ជើញចុះបំពេញទស្សនកិច្ចសិក្សា និងស្វែងយល់អំពីវឌ្ឍនភាពការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) នាព្រឹកថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៦។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំនៃទីស្នាក់ការកណ្តាលកំពង់ផែ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ។
ចំណុចសំខាន់នៃទស្សនកិច្ចនេះ គឺការស្ដាប់បទបង្ហាញយ៉ាងក្បោះក្បាយពីសំណាក់ ឯកឧត្តម លូ គឹមឈន់ ដែលបានផ្ដល់នូវទិដ្ឋភាពទូទៅនៃប្រតិបត្តិការកំពង់ផែ វឌ្ឍនភាពនៃកំណើនគួរឱ្យកត់សម្គាល់ និងផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រនាពេលអនាគត។

ចំណុចគន្លឹះសំខាន់ៗនៃបទបង្ហាញរួមមាន៖
សក្ដានុពលប្រតិបត្តិការ៖ ការបង្ហាញលម្អិតអំពីប្រសិទ្ធភាពនៃចង្វាក់ការងារលើកដាក់ទំនិញតាមកុងតឺន័រ ទាំងការនាំចូល ការនាំចេញ និងការផ្ទេរទំនិញឆ្លងកាត់។
យុទ្ធសាស្ត្រពង្រីកសក្តានុពល៖ បទបង្ហាញបានផ្ដោតសំខាន់លើគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ ក្នុងគោលដៅបង្កើនជម្រៅទឹក និងសមត្ថភាពទទួលនាវាដឹកជញ្ជូនខ្នាតធំៗ (Mother Vessels) មកពីជុំវិញពិភពលោក។ គម្រោងនេះនឹងជួយកាត់បន្ថយការផ្ទេរទំនិញតាមនាវាតូចៗ (Feeders) និងកាត់បន្ថយថ្លៃដឹកជញ្ជូនយ៉ាងច្រើន សំដៅប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលភស្តុភារកម្មកម្រិតតំបន់។
ចក្ខុវិស័យទៅអនាគត៖ ការត្រៀមលក្ខណៈក្នុងការពង្រីកសមត្ថភាពកំពង់ផែឱ្យកាន់តែទំនើប ដើម្បីឆ្លើយតបនឹងកំណើនបរិមាណទំនិញឆ្លងកាត់ ដែលនឹងក្លាយជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ចជាតិ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។
បន្ទាប់ពីបានស្ដាប់បទបង្ហាញ និងការពិភាក្សាដោះដូរមតិ លោកឧកញ៉ា ឡាវ កាង ក្នុងនាមសភាពាណិជ្ជកម្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លូ គឹមឈន់ និងក្រុមការងារកំពង់ផែ សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការផ្ដល់ព័ត៌មានយ៉ាងស៊ីជម្រៅ។

លោកឧកញ៉ាបានសង្កត់ធ្ងន់ថា៖ ទស្សនកិច្ចនេះមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់វិស័យឯកជន។ ការយល់ដឹងកាន់តែច្បាស់អំពីភាពស្មុគស្មាញនៃប្រតិបត្តិការ និងផែនការពង្រីកកំពង់ផែទឹកជ្រៅ នឹងជួយឱ្យធុរជនអាចរៀបចំយុទ្ធសាស្ត្រអាជីវកម្មបានត្រឹមត្រូវ ចាប់យកឱកាសផ្នែកភស្តុភារកម្ម និងរួមចំណែកកាន់តែមានប្រសិទ្ធភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទេស។
ទស្សនកិច្ចនេះបានសបញ្ជាក់ពីការប្ដេជ្ញាចិត្តរួមគ្នារវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក្នុងការកសាងភាពជាដៃគូដ៏រឹងមាំ ដើម្បីទាញយកសក្តានុពលសមុទ្ររបស់កម្ពុជា ទាក់ទាញការវិនិយោគអន្តរជាតិ និងកសាងអនាគតដ៏រុងរឿង៕ដោយ រ៉ី នោរៀ / 071 6 893 289











































