បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនឡើងជាង ៤០% ក្នុងត្រីមាសទី១ ឆ្នាំ២០២៦

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍ស្ថិតិចុងក្រោយពីនាយកដ្ឋានផែនការ លទ្ធកម្ម និង ស្ថិតិ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញឱ្យឃើញនូវសញ្ញាវិជ្ជមានយ៉ាងខ្លាំងក្លានៃសកម្មភាពពាណិជ្ជកម្មសមុទ្ររបស់កម្ពុជា ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៦ ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់លើគ្រប់សូចនាករសំខាន់ៗរួមមាន៖

១. កំណើនបរិមាណទំនិញសរុប (Gross Throughput)
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ (មករា-មីនា) បរិមាណទំនិញឆ្លងកាត់សរុបមានចំនួន ៣,៧៤៥,៥៨០ តោន ដែលមានការកើនឡើងដល់ទៅ ៤០.៦៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ (មានត្រឹម ២,៦៦២,២២៤ តោន)។ ក្នុងនោះ ទំនិញតាមកុងតឺន័រ (Cargo Containerize) នៅតែជាប្រភពចំណូលចម្បង ដែលមានទម្ងន់សរុប ២,៧២១,៤៤៤ តោន កើនឡើង ៤៤.៧០%។

  ២. សកម្មភាពនាំចូល និង នាំចេញ (Import & Export)
  ការនាំចូល (Total Imported): សម្រេចបានចំនួន ២,៥៨៧,៩៩៦ តោន កើនឡើង ៣១.៤៨%។ ទំនិញនាំចូលសំខាន់ៗរួមមាន គ្រឿងចក្រ, ដែកថែប, ប្រេងឥន្ធនៈ និង ទំនិញប្រើប្រាស់ចម្រុះ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺការនាំចូល “ធ្យូងថ្ម” (Steam coal) មានការកើនឡើងរហូតដល់ ៧៤.២៣%។
   ការនាំចេញ (Total Exported): បង្ហាញពីសន្ទុះខ្លាំងក្លាបំផុត ដោយសម្រេចបានចំនួន ១,១៥៧,៥៨៤ តោន កើនឡើងរហូតដល់ ៦៦.៨៤%។ ទំនិញកសិកម្មនាំមុខគេគឺ “ដំឡូងមី” (Tapioca chip) ដែលមានកំណើនរហូតដល់ ៦៧៣.៣៨% និង “អង្ករ” កើនឡើង ៦៤.៣២%។

  ៣. ចរាចរណ៍កុងតឺន័រ និងនាវា (Container & Vessel Calling)
  
    បរិមាណកុងតឺន័រ (Container Throughput): គិតជាឯកតា TEUs មានចំនួន ៣៧៣,៧៤៨ TEUs កើនឡើង ៣៨.២១%។
   ការចូលចតនៃនាវា: ចំនួននាវាដែលបានចូលចតមាន ៤៩៥ គ្រឿង កើនឡើង ១៣.៧៩% បើធៀបនឹងឆ្នាំមុន។ ក្នុងនោះនាវាកុងតឺន័រមានចំនួន ២៩៤ គ្រឿង (កើន ៥០%) ខណៈដែលនាវាដឹកភ្ញៀវទេសចរក៏មានការកើនឡើងផងដែរ។

    ៤. ការដឹកជញ្ជូនតាមផ្លូវរថភ្លើង (Container Transport by Train)
របាយការណ៍ក៏បានបង្ហាញពីប្រសិទ្ធភាពនៃតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូនផងដែរ។ ការដឹកជញ្ជូនកុងតឺន័រតាមផ្លូវរថភ្លើងក្នុងត្រីមាសទី១ ឆ្នាំ២០២៦ សម្រេចបាន ១៨,៥៩០ TEUs កើនឡើង ៣១.៤២%។ ការណ៍នេះសបញ្ជាក់ពីការកាត់បន្ថយការកកស្ទះតាមផ្លូវថ្នល់ និងការងាកមកប្រើប្រាស់ប្រព័ន្ធផ្លូវដែកកាន់តែច្រើន។

   ការវិភាគសង្ខេប
កំណើនដ៏គំហុកនៃវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាដើមឆ្នាំ២០២៦នេះ គឺជាសក្ខីភាពនៃវឌ្ឍនភាពសេដ្ឋកិច្ចជាតិ ក៏ដូចជាការជឿទុកចិត្តពីវិនិយោគិនអន្តរជាតិមកលើច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់តែមួយគត់របស់កម្ពុជានេះ។ ការកើនឡើងនៃការនាំចេញកសិផល និងការនាំចូលវត្ថុធាតុដើមបម្រើឱ្យវិស័យឧស្សាហកម្ម ឆ្លុះបញ្ចាំងពីស្ថិរភាពនៃចង្វាក់ផលិតកម្មក្នុងស្រុក ។ ប្រភពទិន្នន័យ៖ រាយការណ៍ដោយ នាយកដ្ឋានផែនការ លទ្ធកម្ម និងស្ថិតិ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦)៕ អត្ថបទដោយ រ៉ី នោរៀ / 071 6 893 289/086 89 32 89