កម្លាំងចម្រុះខេត្តកំពង់ធំ ចុះបង្ក្រាបបទល្មើសទន្ទ្រានដីតំបន់ ៣ និងការដាំឈូកខុសច្បាប់ក្នុងបឹងទន្លេសាប

ខេត្តកំពង់ធំ៖ ក្រោមស្មារតីការពារធនធានធម្មជាតិ និងទប់ស្កាត់ការរំលោភបំពានដីធ្លីរដ្ឋ ក្រុមការងារចម្រុះបង្ក្រាបបទល្មើសជលផលខេត្តកំពង់ធំ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្ក្រាបសកម្មភាពទន្ទ្រានដាំឈូកខុសច្បាប់នៅក្នុងតំបន់ការពារយ៉ាងតឹងរ៉ឹង។ នាថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះប្រតិបត្តិការផ្ទាល់នៅចំណុចបឹងធំ ស្ថិតក្នុងភូមិសាស្ត្រភូមិទួលនាងសាវ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងការពារដីតំបន់ ៣ ដែលជាតំបន់អភិរក្ស និងការពារជម្រកត្រីពងកូន។ ជាលទ្ធផល ក្រុមការងារសម្រេចបាននូវសមិទ្ធផលសំខាន់ៗរួមមាន៖
ការទប់ស្កាត់ផ្ទៃដីបង្ក្រាបនិងដកហូតផ្ទៃដីដាំឈូកក្នុងបឹងបានចំនួន ១៥ ហិកតា ដោយបានចាត់វិធានការបច្ចេកទេសបង្ហូរទឹកចេញដើម្បីស្តារស្ថានភាពដើមវិញ។
ការរឹបអូសវត្ថុតាងក្រុមការងារបានដកហូតសម្ភារៈបម្រើឱ្យសកម្មភាពល្មើស រួមមាន កាណូតតូចចំនួន ៤ គ្រឿង, ក្បាលបូមទឹក ១ គ្រឿង, ក្បាលបាញ់ថ្នាំកសិកម្ម ១ គ្រឿង ព្រមទាំងបន្ទះសូឡាចំនួន ៤ ផ្ទាំង និងអាគុយចំនួន ៤ គ្រឿង។

កម្លាំងប្រតិបត្តិការ៖
នៅក្នុងបេសកកម្មនេះ មានការចូលរួមសហការពីកម្លាំងចម្រុះសរុបចំនួន ១៧ នាក់ ដែលក្នុងនោះរួមមាន៖
១. មន្ត្រីជលផល៖ ៦ នាក់
២. មន្ត្រីបរិស្ថាន៖ ៦ នាក់
៣. កម្លាំងនគរបាល៖ ៣ នាក់
៤. កម្លាំងរាជអាវុធហត្ថ (B06) ២ នាក់
លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានបញ្ជាក់ថា ប្រតិបត្តិការនេះទទួលបានជោគជ័យទាំងស្រុង ហើយកម្លាំងចម្រុះនឹងនៅតែបន្តតាមដាន និងរឹតបន្តឹងការត្រួតពិនិត្យជុំវិញតំបន់គោលដៅដូច ភ្លៀងរលឹម ដើម្បីធានាថាគ្មានការរំលោភបំពានដីធ្លីរដ្ឋ និងបទល្មើសជលផលកើតឡើងជាថ្មីទៀតឡើយ។
នេះគឺជាសកម្មភាពឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរខេត្តកំពង់ធំ ក្នុងកិច្ចការពារសម្បត្តិធម្មជាតិរបស់ជាតិឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕ដោយ សឿង សុទ្ធ