ថ្ងៃស្អែក ប្រមុខកាទូតជប៉ុន នឹងចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅ កម្ពុជា រយៈពេល៣ថ្ងៃ

តាមការគ្រោងទុក ចាប់ពីថ្ងៃស្អែកទី២១ ខែសីហា ឆ្នាំ២០២០ នេះ លោក ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងចាប់បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ម៉ូតេហ្គី តូស៊ីមីសឺ នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាទ្វេភាគីជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនៅក្នុងឱកាសនោះ បញ្ហាទ្វេភាគីនិងពហុភាគីមួយចំនួនដែលជាចំណាប់អារម្មណ៍រួម នឹងត្រូវបានលើកយកមកពិភាក្សា។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ម៉ូតេហ្គី តូស៊ីមីសឺ នៅព្រះរាជាណាចក្រកម្ពុជា នឹងជួយពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងប្រទេសទាំងពីរនៅលើគ្រប់វិស័យ ទាំងនៅក្នុងក្របខណ្ឌទេ្វភាគី និងពហុភាគី ហើយក៏ជាការបង្ហាញនូវសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩៕