គ្រោះថ្នាក់ចរាចរណ៍រយៈពេល ជាងបីខែ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បានកើតឡើង ៨៨៥លើក ស្លាប់មនុស្សចំនួន ៤៦៥នាក់ របួសចំនួន ១៣៦០នាក់ ក្នុងនោះរបួសធ្ងន់ ៨១៥នាក់។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ដោយឡែក គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បានកើតឡើងចំនួន ១១លើក ស្លាប់ ៥នាក់ និងរបួសចំនួន ១៤នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ១១នាក់។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន ១.៦១៩លើក បណ្ដាលឲ្យស្លាប់ចំនួន ៨១៦នាក់ និងរបួសចំនួន ២.៤៤៩នាក់ (របួសធ្ងន់ ១.១២៣ នាក់) អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់។
របាយការណ៍ដដែលបានបន្តថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍មកពី បើកបរលើសល្បឿនកំណត់៣៣% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្គាំ១៤% វ៉ាជែង១០% បត់១០% ស្រវឹង៦% កត្តាយានយន្ដ៤% និងងងុយ១%។ បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ គ្រោះថ្នាក់ថយចំនួន៥៥២លើក ស្មើ២៥% (១.៦១៩/២.១៧១លើក) ស្លាប់ថយចំនួន១៧២នាក់ស្មើ១៧% (៨៦១/១.០៣៣នាក់) និងរបួសថយ ៧៧៨នាក់ ស្មើ២៤% (២.៤៤៩/៣.២២៧នាក់)៕
































