លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នេះ បានលើកឡើងថា ការចេញសេចក្ដីថ្លែងការណ៍ណាមួយ ដើម្បីដាក់សម្ពាធ និងទាមទារឱ្យតុលាការដោះលែងជនជាប់ចោទ និងទម្លាក់ចោលបទចោទ មិនមែនជាមធ្យោបាយស្របច្បាប់ក្នុងការការពារជនជាប់ចោទនោះទេ ហើយក៏មិនមានឥទ្ធិពលអ្វីទៅលើការសម្រេចរបស់តុលាការនោះដែរ ពីព្រោះការកំណត់ពីពិរុទ្ធភាព បទល្មើស និងទោសទណ្ឌរបស់ជនល្មើស គឺជាសមត្ថកិច្ចផ្ដាច់មុខរបស់តុលាការ ដោយផ្អែកលើមូលដ្ឋាននៃអង្គហេតុ និងអង្គច្បាប់ ដែលមានជាធរមាន។
លោក ជិន ម៉ាលីន លើកឡើងទៀតថា ការបញ្ចេញមតិអំពីក្តីកង្វល់ពាក់ព័ន្ធបញ្ហាព្រំដែន គឺជាការអនុវត្តសិទ្ធិ សេរីភាព នៃការបញ្ចេញមតិ តែផ្ទុយទៅវិញការបញ្ចេញមតិ ដោយបំផ្លើស និងបំភ្លៃព័ត៌មានមិនពិតពីបញ្ហាព្រំដែន ក្នុងចេតនាទុច្ចរិតញុះញង់បង្កភាពចលាចលប៉ះពាល់ដល់សន្តិសុខជាតិ មិនមែនជាការអនុវត្តសិទ្ធិនោះទេ តែជាបទល្មើសព្រហ្មទណ្ឌ ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់៕
































