គណបក្សប្រជាជនកម្ពុជាក្រុងព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ជូនគ្រួសារសពចំនួន ៣ ក្នុងសង្កាត់ប៉ាលហាល

ខេត្តព្រះវិហារ ៖ ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាក្រុងព្រះវិហារ និងសង្កាត់ប៉ាលហាល បានចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកនូវគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាឧបត្ថម្ភ ដើម្បីសម្រាលទុក្ខលំបាកដល់គ្រួសារសពចំនួន ៣ ក្នុងតំបន់។
សកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនេះ ត្រូវបានដឹកនាំដោយ លោក ឯ សារ៉ូ ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងព្រះវិហារ អមដំណើរដោយ លោក ឆាត់ សួន ប្រធានគណបក្សសង្កាត់ប៉ាលហាល ព្រមទាំងសហការី និងក្រុមការងារចុះជួយសង្កាត់។
ការយកចិត្តទុកដាក់ចំពោះគ្រួសារដែលកំពុងជួបទុក្ខក្រៀមក្រំ ក្នុងដំណើរចុះ សួរសុខទុក្ខនេះ ក្រុមការងារបានទៅដល់លំនៅឋាននៃគ្រួសារសពទាំង ៣ រួមមាន៖
១. គ្រួសារសព លោក សៅ សុក រស់នៅភូមិសាមគ្គី។
២. គ្រួសារសព លោក ផាត ភើ រស់នៅភូមិហ្មសែត។
៣. គ្រួសារសព លោក លិត គន រស់នៅភូមិចំការស្រម៉ូវ។


អំណោយមនុស្សធម៌សម្រាប់គ្រួសារនីមួយៗ
ដើម្បីជាការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងជួយដោះស្រាយបញ្ហាជីវភាពចំពោះមុខ ក្នុងមួយគ្រួសារទទួលបាននូវអំណោយជាសម្ភារ និងថវិការួមមាន៖
ថវិកាចំនួន១២៥,០០០ រៀល
អង្ករ ១ បេ (ស្មើនឹង ២៥ គីឡូក្រាម)
មី ១ កេស ទឹកស៊ីអ៊ីវ ១ យួរ ទឹកត្រី ១ យួរ
ត្រីខកំប៉ុង ១ យួរ ទឹកបរិសុទ្ធ ១ កេសធំ

ក្នុងឱកាសនោះ លោក ឯ សារ៉ូ និងក្រុមការងារ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានក្រុមការងារចុះជួយមូលដ្ឋាន ដោយបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាតែងតែនៅក្បែរប្រជាពលរដ្ឋជានិច្ច មិនថាក្នុងកាលៈទេសៈសប្បាយ ឬជួបទុក្ខលំបាកនោះឡើយ។ សកម្មភាពនេះមិនត្រឹមតែជាការផ្ដល់ជំនួយសម្ភារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់កម្លាំងចិត្តយ៉ាងសំខាន់ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានភាពកក់ក្ដៅក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ៕ដោយ សួន ពិសិត