សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ចុះសួរសុខទុកនិងនាំយកគ្រឿងឧបភោគ បរិភោគ និងថ្នាំពេទ្យមួយចំនួន ប្រគល់ជូនកងទ័ពជួរមុខ ចំនួន៥គោលដៅ ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) លោក ហង្ស រ៉ាត់ អគ្គលេខាធិការរង សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព(សស.យស) តំណាងឲ្យលោកបណ្ឌឹត ឌីម សុខុន អគ្គលេខាធិការសមាគម អមដំណើរដោយលោក ឆុន វីរៈ ប្រធានសាខាខេត្ត លោក លោកស្រីអនុប្រធានសាខាខេត្ត ប្រធាន អនុប្រធានផ្នែក និងសមាជិក សមាជិកានៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព រួមគ្នាចុះសួរសុខទុកនិងនាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងថ្នាំពេទ្យមួយចំនួនប្រគល់ជូនកងទ័ពជួរមុខ ចំនួន៥គោលដៅ នាថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២៦ ក្នុងនោះដែរក៏មានការចូលរួមពីលោកឈាន ចំរើន ប្រធានក្រុបប្រឺក្សាក្រុងប៉ោយប៉ែត និងលោកញ៉ែម ភឿង អភិបាលរងក្រុងប៉ោយប៉ែត លោកភោគ  លន ចៅសង្កាត់ប៉ោយប៉ែត ។

លោក ហង្ស រ៉ាត់ អគ្គលេខាធិការរងសមាគម បានមានប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព(សស.យស) ចំពោះវីរភាពអង់អាចក្លាហានរបស់កងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តបន្ទាយរមានជ័យដែលស្ថិតនៅជួរមុខការពារបូរណភាពទឹកដីប្រឆាំងការឈ្លានពាន ។ អំណោយដែលប្រគល់ជូននាពេលនេះមានតិចតួចមិនគ្រប់តាមតម្រូវការក៏ពិតមែន តែជាទឹកចិត្តចូលរួម ដើម្បីផ្ដល់នូវកម្លាំងចិត្តដល់កងទ័ពដ៏អង់អាចរបស់យើងដើម្បីផ្សារភ្ជាប់សមរភូមិមុខនិងសមរភូមិក្រោយ  ។

ជាមួយគ្នានោះដែរកងទ័ពដែលកំពុងឈរជើងនៅជួរមុខ បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាជ្រៅជូនចំពោះឯកឧត្តមបណ្ឌិត ប្រធានសមាគម និងប្រធានខេត្តបន្ទាយមានជ័យ ដែលជានិច្ចជាកាលតែងតែគាំទ្រនិងលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ។ហើយនេះគឺជាកាយវិការដ៏ប្រពៃថ្លៃថ្លាផ្សារភ្ជាប់សមរភូមិមុខនឹងសមរភូមិក្រោយ ដែលកត្តានេះបានជួយជំរុញនិងលើកទឹកចិត្តដល់កងទ័ពជួបមុខឲ្យមានភាពមោះមុតអង់អាចក្លាហាននិងបំពេញភារកិច្ចបំរើជាតិ មាតុភូមិ ដោយមិនខ្លាចញញើត ជាមួយខ្មាំងសត្រូវ ពិសេសហ៊ានបូជាជីវិតជូនប្រទេសជាតិ ។ អំណោយដែលត្រូវប្រគល់ជូនកងទ័ពនោះរួមមាន :
– ទឹកសុទ្ធចំនួន ៦០០យូរ
– សៀងចំនួន    ១០ធុង
– បាយក្ដាំង      ១កេះធំ ស្មើរ១២០កញ្ចប់
– ពងទា ចំនួន  ៥០ បន្ទះ        
-ថ្នាំពេទ្យ មួយចំនួន។

  ស្ថិតនៅក្នុងឱកាសនោះដែរ លោក ហង្ស រ៉ាត់ បានមានប្រសាសន៍បន្ថែមថា៖ សកម្មភាពមនុស្សធម៌នាពេលនេះ មិនត្រឹមតែជាការនាំយកសម្ភារៈឧបភោគបរិភោគទៅប្រគល់ជូនតាមទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការអនុវត្តជាក់ស្តែងនូវ នយោបាយនៃការចែករំលែក និងការរឹតចំណងសាមគ្គីភាពរវាងសហគមន៍ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ នេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ សមរភូមិក្រោយ តែងតែនៅជាប់ជាមួយ សមរភូមិមុខ ជានិច្ច តាមរយៈការរួមសុខរួមទុក្ខ និងការដឹងគុណចំពោះអ្នកលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ។

លោកអគ្គលេខាធិការរង សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ដដែល បានសង្កត់ធ្ងន់ថា៖ ការចែករំលែកនេះ គឺជាកម្លាំងចលករដ៏មានឥទ្ធិពល ក្នុងការកសាងសង្គមមួយដែលមានមនសិការជួយគ្នាទៅវិញទៅមក ដែលជាគ្រឹះដ៏រឹងមាំនៃសន្តិភាព និងស្ថិរភាពយូរអង្វែង។ រាល់ទឹកសុទ្ធមួយដប អង្ករមួយគ្រាប់ ឬថ្នាំពេទ្យមួយគ្រាប់ដែលបានផ្តល់ជូន គឺសុទ្ធសឹងតែជាដួងព្រលឹងនៃទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ និងជាការតបស្នងដ៏វិសេសវិសាល ចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់បងប្អូនកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហានបំផុត។ សន្តិភាពកើតចេញពីការលះបង់ ហើយភាពរឹងមាំនៃជាតិ កើតចេញពីការចែករំលែក និងសាមគ្គីភាពជាធ្លុងមួយ៕