ខ្ញុំបាទ រ៉ី នោរៀ អគ្គលេខាធិការរងទទួលផែនធនធានមនុស្ស នៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ខ្ញុំមានសេចក្តីរំភើប និងមោទនភាពយ៉ាងក្រៃលែង ចំពោះស្មារតីមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់បងប្អូនទាំងអស់គ្នា។

ខ្ញុំបាទសូមសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ព្រះតេជគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ លោកប្រធាន-អនុប្រធាន សាខាសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ខេត្តបន្ទាយមានជ័យ
ព្រមទាំងក្រុមការងារ អស់លោក លោកស្រី សមាជិក សមាជិកា ទាំងអស់ដែលបានលះបង់កម្លាំងកាយ ចិត្ត និងធនធាន ក្នុងសកម្មភាពនាំយកអំណោយសប្បុរសធម៌ ទៅចែកជូនដល់ វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដីយ៉ាងអង់អាច និង បងប្អូនជនភៀសសឹក នៅទិសឧត្តរមានជ័យ នាពេលកន្លងទៅនេះ។


សកម្មភាពដ៏ថ្លៃថ្លានេះ មិនត្រឹមតែជាការចែករំលែកស្បៀងអាហារ និងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់នូវកម្លាំងចិត្ត និងក្តីសង្ឃឹមយ៉ាងធំធេង ក្នុងស្មារតី ខ្មែរជួយខ្មែរ និងការរួបរួមដើម្បីសន្តិភាព និងមាតុភូមិ។

ជាទីបញ្ចប់ ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទរ៉ី នោរៀ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល ជូនដល់លោកប្រធាន អនុប្រធាន និងក្រុមការងារទាំងអស់ សូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕