(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានពិភាក្សាគ្នាអំពីសង្រ្គាមនៅមជ្ឈិមបូព៌ា ជម្លោះអ៊ុយក្រែន និងបញ្ហាពាក់ព័ន្ធអំពីឧបទ្វីបកូរ៉េ នៅពេលដែលមេដឹកនាំទាំងពីរ បានជួបមុខគ្នាក្នុងទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦។

ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ប្រមុខរដ្ឋទាំងពីរ បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាអន្តរជាតិ និងបញ្ហាក្នុងតំបន់ធំៗ រួមមានទាំងស្ថានការណ៍នៅមជ្ឈិមបូព៌ា វិបត្តិអ៊ុយក្រែន និងឧបទ្វីបកូរ៉េ»។ ដោយឡែក នាឱកាសនោះ លោក ស៉ី ក៏បានព្រមានផងដែរអំពីហានិភ័យនៃការផ្ទុះជម្លោះ រវាងកំពូលមហាអំណាចទាំងពីរ ប្រសិនបើបញ្ហាតៃវ៉ាន់ចាត់ចែងមិនបានល្អ ខណៈលោកប្រធានាធិបតីចិន ចាត់ទុកវាជាបញ្ហាដ៏សំខាន់បំផុតក្នុងទំនាក់ទំនងចិន-អាមេរិក។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ប្រទេសចិន កាលពីយប់ថ្ងៃពុធ។ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ រូបលោក ត្រូវបានលោក ស៉ី ជីនពីង ទទួលស្វាគមន៍ នៅឯវិមានប្រជាជនចិនក្នុងទីក្រុងប៉េកាំង ដើម្បីបើកកិច្ចប្រជុំកំពូលទ្វេភាគី។ កិច្ចប្រជុំនោះ បានប្រព្រឹត្តទៅរយៈពេលជាង២ម៉ោង។ ក្រោយមក លោក ស៉ី បានទទួលជួប ប្រធានក្រុមហ៊ុនធំៗរបស់អាមេរិក ដែលបានអមដំណើរលោក ត្រាំ ហើយបន្ទាប់ពីនោះ លោកប្រធានាធិបតីចិន បាននាំលោក ត្រាំ ដើរទស្សនាតំបន់ព្រះវិហារឋានសួគ៌ ឬ Temple of Heaven របសចិន។ ដំណើរទស្សនកិច្ចរបស់លោក ត្រាំ នឹងបន្តដល់ថ្ងៃសុក្រ៕
































