រដ្ឋមន្ត្រី ហួត ហាក់៖ FAM Trip របស់ Avasa Travel Group នឹងជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអេស្ប៉ាញ អឺរ៉ុប និងអាម៉េរិកឡាទីន

(ភ្នំពេញ)៖ តបតាមការគោរពអញ្ជើញរបស់អ្នករៀបចំ FAM Trip លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូ FAM Trip ជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន Avasa Travel Group ពីប្រទេសអេស៉្បាញ និងលោក លោកស្រីជាប្រធានក្រុមហ៊ុនទេសចរណ៍ធំៗ ពីប្រទេសអេស៉្បាញ អឺរ៉ុប និងពីទ្វីបអាម៉េរិកឡាទីន។

ក្នុងជំនួបដ៏សំខាន់ដល់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រទេសអេស្ប៉ាញ អឺរ៉ុប និងអាម៉េរិកឡាទីន លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រុមប្រតិភូដែលបានចាប់អាម្មរណ៍ពីសក្តានុពលទេសចរណ៍ កាលានុវត្តភាពវិនិយោគ និងជួយបន្តផ្សព្វផ្សាយពីព័ត៌មានពិតជាក់ស្តែងដែលបានជួបក្នុងអំឡុងទស្សនកិច្ចនេះដែរ។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តី ហួត​ ហាក់ បានគូសបញ្ជាក់ជូនប្រតិភូទាំងអស់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់ប្រទេសកម្ពុជាដែលជាទីផ្សារកំពុងរះយ៉ាងចិញ្ចែងចិញ្ចាច កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ការអភិវឌ្ឍន៍លើគ្រប់វិស័យពិសេសគឺហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ទឹក និងអាកាស ការស្នាក់នៅ និងបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់ល្បីល្បាញ «ស្នាមញញឹមកម្ពុជា» ប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ការធានាសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

រដ្ឋមន្រ្តី ហួត ហាក់ បានគូសបញ្ជាក់បន្ថែមពីយន្តការលើកទឹកចិត្ត និងផ្តល់អាទិភាពផ្តល់ជូនដល់វិនិយោគិនបរទេសពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា៕