បន្ទាយមានជ័យ៖ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី ព្រះមុនីសីលសោភ័ណ សយ ចាន់ថន ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាព្រះមេគណខេត្តបន្ទាយមានជ័យ និងជាព្រះចៅអធិការវត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម បានសព្វព្រះទ័យប្រទានអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ជាច្រើន ជូនដល់វីរកងទ័ពជួរមុខក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។


សកម្មភាពមនុស្សធម៌ និងការបញ្ជូនបន្ត
តាមរយៈយន្តការសហការរវាងវិស័យសាសនា និងសង្គមស៊ីវិល អំណោយសប្បុរសធម៌ទាំងនេះត្រូវបានប្រគល់ជូនតាមរយៈ៖ លោក សយ ចាន់ធី អគ្គលេខាធិការរងនៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព (ស.ស.យ.ស) ទទួលបន្ទុកផែនទំនាក់ទំនងជាតិ និងអន្តរជាតិ។
លោក ឆុន វីរៈ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ។
អំណោយយកទៅចែកជូនវីរៈកងទ័ព រួមមាន៖គ្រឿងឧបភោគបរិភោគ និងទឹកបរិសុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ នឹងត្រូវចាត់ចែងដឹកជញ្ជូនដោយផ្ទាល់ទៅកាន់តំបន់ជួរមុខ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាទីដែលវីរកងទ័ពយើងកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ទោះក្នុងលក្ខខណ្ឌអាកាសធាតុ ឬភូមិសាស្ត្រលំបាកយ៉ាងណាក៏ដោយ។


ការសម្ដែងនូវការអរព្រះគុណ និងការអំពាវនាវដល់សប្បុរសជនក្នុងនាម តំណាងឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគម (ស.ស.យ.ស) លោក សយ ចាន់ធី និងលោក ឆុន វីរៈ បានសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះមុនីសីលសោភ័ណ សយ ចាន់ថន ដែលជានិច្ចកាល ព្រះអង្គតែងតែមានសទ្ធាជ្រះថ្លា ផ្តល់ការឧបត្ថម្ភគាំទ្រដល់សមាគម ដើម្បីយកទៅចែករំលែកបន្តដល់កងទ័ព និងប្រជាពលរដ្ឋខ្វះខាត។
ជាមួយគ្នានេះ ក្នុងគោលបំណងពង្រីកវិសាលភាពនៃជំនួយ និងការលើកទឹកចិត្តដល់យុទ្ធជនជួរមុខ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ក៏សូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស មេត្តាបន្តចូលរួមចំណែកតាមកម្លាំងសទ្ធា។ ការចូលរួមរបស់លោកអ្នក មិនត្រឹមតែជាការបំពេញការខ្វះខាតផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជា “កម្លាំងចិត្តដ៏មហិមា” ជួយឱ្យយុទ្ធជនយើងមានស្មារតីកាន់តែរឹងមាំក្នុងការការពារមាតុភូមិ។
អំពីសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព (ស.ស.យ.ស)
សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព គឺជាអង្គការសង្គមស៊ីវិលដែលសកម្មក្នុងការងារមនុស្សធម៌ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងយុវជន សាសនា និងរាជរដ្ឋាភិបាល ដើម្បីជំរុញសន្តិភាព និងការអភិវឌ្ឍនៅតាមសហគមន៍ ជាពិសេសនៅតំបន់ដាច់ស្រយាល និងតាមខ្សែបន្ទាត់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ ស.ស.យ.ស(ខេត្តបន្ទាយមានជ័យ)


































