ក្រុមយុវជនកាកបាទក្រហម និងនគរបាលចរាចរណ៍ខេត្តព្រះសីហនុ សហការគ្នាសម្រួលចរាចរណ៍ និងផ្សព្វផ្សាយច្បាប់សុវត្ថិភាពតាមដងផ្លូវ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ ក្រុមយុវជនស្ម័គ្រចិត្តនៃកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ បានសហការគ្នាយ៉ាងសកម្មជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះយុទ្ធនាការសម្រួលចរាចរណ៍ និងផ្សព្វផ្សាយច្បាប់សុវត្ថិភាពតាមដងផ្លូវ ដើម្បីកាត់បន្ថយការកកស្ទះ និងបង្ការគ្រោះថ្នាក់នានានៅតាមភ្លើងស្តុបក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។ក្នុងសកម្មភាពដ៏មានសារៈសំខាន់នេះ ក្រុមការងារចម្រុះបានបង្កើនវត្តមាននៅតាមបណ្តាផ្លូវគន្លឹះ និងចំណុចប្រសព្វ(មានភ្លើងស្តុប)សំខាន់ៗក្នុងក្រុង ដើម្បីជួយសម្រួលលំហូរចរាចរណ៍ឱ្យមានភាពរលូនល្អ ស្របពេលដែលស្ថានភាពចរាចរណ៍ក្នុងក្រុងព្រះសីហនុមានការកើនឡើង។

ទន្ទឹមនឹងការសម្រួលផ្លូវ ក្រុមយុវជនស្ម័គ្រចិត្ត និងមន្ត្រីនគរបាលចរាចរណ៍ ក៏បានរួមគ្នាបង្កើតយុទ្ធនាការអប់រំតាមរយៈការចែកខិត្តប័ណ្ណណែនាំស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងដាស់តឿន និងពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍កាន់តែខ្ជាប់ខ្ជួន បើកបរដោយការទទួលខុសត្រូវ និងមានការយោគយល់អធ្យាស្រ័យខ្ពស់ ដើម្បីធានាសុវត្ថិភាពទាំងខ្លួនឯង និងអ្នកដទៃ។

  សកម្មភាពមនុស្សធម៌ និងការអនុវត្តច្បាប់រួមគ្នានេះ ទទួលបានការគាំទ្រ និងការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលនេះជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងទីក្រុងទេសចរណ៍ និងសេដ្ឋកិច្ចដ៏រវល់មួយនេះ៕ដោយ នីណា ញូស៍